ដើម្បីឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ទាំងនេះ ស្ថានទូតអាល្លឺម៉ង់ប្រចាំទីក្រុងភ្នំពេញ បានចាប់ដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ដើម្បីផ្តល់អាហារូបត្ថម្ភសំខាន់ៗ និងគាំទ្រការថែទាំទារកទើបនឹងកើតរបស់គ្រួសារភៀសសឹក។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងធានាថាម្តាយ និងកុមារតូចៗទទួលបានការថែទាំដែលពួកគេត្រូវការក្នុងអំឡុងពេលដ៏លំបាកនេះ សម្រាប់គ្រួសារដែលបន្តស្នាក់នៅក្នុងជំរំភៀសសឹក នៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងព្រះវិហារ ជីវិតប្រចាំថ្ងៃនៅតែស្ថិតក្នុងភាពមិនប្រាកដប្រជា។ ស្ត្រីមានផ្ទៃពោះ ម្តាយ និងទារកទើបនឹងកើត និងកុមារតូចៗស្ថិតក្នុងចំណោមអ្នកដែលប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត។
ក្នុងទំហំទឹកប្រាក់ជាង ១១ ម៉ឺន អឺរ៉ូ ឬប្រមាណជាង ១២ ម៉ឺនដុល្លារ គម្រោងនេះកំពុងឈានដល់កុមារអាយុក្រោម ៥ ឆ្នាំ ចំនួន ២.៥០០ នាក់ ព្រមទាំងស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនចំនួន ១.000 នាក់។ គម្រោងនេះ ក៏រួមបញ្ចូលផងដែរនូវការគាំទ្រកញ្ចប់សម្ភារៈថែទាំទារកទើបនឹងកើតចំនួន ២០០ កញ្ចប់ នៅទូទាំងជំរំភៀសសឹក ក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប។
ជំនួយនាពេលនេះ គឺបន្ថែមពីលើជំនួយដែលផ្តល់ជូនកាលពីខែកញ្ញា ឆ្នាំ២០២៥ ដែលនៅពេលនោះការរួមចំណែករបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានអនុញ្ញាតឱ្យអង្គការទស្សនៈពិភពលោក ផ្តល់សេវាអាហារូបត្ថម្ភសំខាន់ដល់គ្រួសារដែលភៀសសឹក។ បើទោះបីជាស្ថានការណ៍មានភាពប្រសើរឡើងក៏ដោយ គ្រួសារជាច្រើន នៅបន្តស្នាក់នៅក្នុងជំរំភៀសសឹក និងប្រឈមមុខនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ក្នុងការទទួលបានអាហារគ្រប់គ្រាន់ ការថែទាំសុខភាព និងសម្ភារៈចាំបាច់ផ្សេងៗទៀត។ ដូច្នេះការបន្តផ្តល់ជំនួយមានសារៈសំខាន់ណាស់ ដើម្បីការពារសុខភាព និងអនាគតរបស់ម្តាយ និងកុមារតូចៗ។
អំឡុងពេលនៃការចែកចាយកញ្ចប់អាហារូបត្ថម្ភនាពេលថ្មីៗនេះនៅខេត្តឧត្តរមានជ័យនាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំកម្ពុជា លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ បានឃើញដោយផ្ទាល់ភ្នែកពីផលលំបាកដែលគ្រួសារភៀសសឹកដែលកំពុងជួបប្រទះ។ នៅទីនោះ គាត់បានជួបគ្រួសារបីជំនានដែលបានភៀសសឹក ដែលផ្ទះសម្បែងរបស់ពួកគេមានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែន ត្រូវបានបំផ្លាញ អំឡុងពេលមានអំពើហិង្សាកើនឡើង កាលពីខែធ្នូ កន្លងទៅ។ ទ្រព្យសម្បត្តិភាគច្រើនរបស់ពួកគាត់បានបាត់បង់ ហើយឥឡូវនេះពួកគាត់កំពុងចាប់ផ្តើមជីវិតឡើងវិញ ដោយស្ទើរតែគ្មានអ្វីសោះ។
ដោយឆ្លុះបញ្ចាំងពីអ្វីដែលគាត់បានជួយជជែកជាមួយគ្រួសារភៀសសឹក លោក ជេនេស បានចែករំលែកថា៖ «ថ្ងៃនេះ យើងសង្ឃឹមថា ការគាំទ្រនឹងជួយឱ្យម្តាយស្រីណុច និងម្តាយផ្សេងទៀតបន្តបំបៅដោះកូន ខណៈដែលទទួលបានអាហារបំប៉នសំខាន់ៗដែលពួកគេត្រូវការ។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងដៃគូរបស់យើងទាំងអស់ដែលបានឈរជាមួយគ្រួសារក្នុងអំឡុងពេលដ៏លំបាកនេះ។ អង្គការទស្សនៈពិភពលោក បន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាការគ្រប់គ្រងជំរំ និងអាជ្ញាធរ រដ្ឋាភិបាល ដើម្បីគាំទ្រក្រុមគ្រួសារដែលរងផលប៉ះពាល់ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងកិច្ចការមនុស្សធម៌របស់យើង។ យើងសង្ឃឹមថាពួកគេនឹងអាចត្រឡប់ទៅកាន់លំនៅដ្ឋានដោយសុវត្ថិភាព ឬតាំងលំនៅថ្មីក្នុងពេលឆាប់ៗនេះ»។
គម្រោងនេះ ត្រូវបានអនុវត្តដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាការគ្រប់គ្រងជំរំ មន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាព និងគណនេយ្យភាព។
ជំនួយដែលបានផ្តល់ជូន រួមមានអាហារបំប៉នជីវជាតិ និងគ្រាប់ថ្នាំវីតាមីនចម្រុះ សម្រាប់ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន។ សម្ភារៈថែទាំក្រោយសម្រាល និងទារកទើបនឹងកើត រួមមានមានក្រណាត់កន្ទប ខោទឹកនោម ភួយ ព្រមទាំងសម្ភារៈអនាម័យសំខាន់ៗ ដែលនឹងជួយការពារម្តាយ និងទារកក្នុងអំឡុងខែដំបូងដ៏សំខាន់បន្ទាប់ពីឆ្លងទន្លេ។
លោកស្រី ពុំ ធារ៉ា ឆ្មបនៅមណ្ឌលសុខភាព ស្រុកត្បែងមានជ័យ បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្តការថែទាំក្នុងពេលភៀសសឹកថា៖ «ការភៀសសឹកមិនគួររំខានដល់សេវាសុខភាពមាតាសំខាន់ៗទេ។ យើងជឿជាក់ថា នៅពេលដែលសហគមន៍ បុគ្គលិកសុខាភិបាល និងដៃគូធ្វើការជាមួយគ្នា យើងអាចធានាបានថា ការថែទាំពេលសម្រាលកូនទៅដល់ស្ត្រីនៅគ្រប់ទីកន្លែង»។
សម្រាប់គ្រួសារនៅក្នុងមណ្ឌលសុវត្ថិភាព ជំនួយនាំមកនូវទាំងការសង្គ្រោះ និងក្តីសង្ឃឹមជាថ្មី។ ម្តាយរបស់ស្រីណុច ជាអ្នកម្ដាយដំបូងដែលកំពុងស្នាក់នៅជំរំភៀសសឹក បានរៀបរាប់ថា៖ «យើងបានចាកចេញពីផ្ទះដោយស្ទើរមិនមានអ្វីមកជាមួយសោះ។ អាហារបំប៉ន និងសម្ភារៈទារកជួយយើងថែទាំកូនរបស់យើង ខណៈដែលរង់ចាំឱកាសត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព»។
ការចូលរួមចំណែករបស់អាឡឺម៉ង់ ឆ្លុះបញ្ចាំងពីការបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់សហគមន៍ងាយរងគ្រោះនៅតាមតំបន់ព្រំដែននៃប្រទេសកម្ពុជា ដែលការភៀសសឹក មិនត្រឹមតែប៉ះពាល់ដល់ផ្ទះសម្បែង និងជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការលូតលាស់ និងការអភិវឌ្ឍរបស់កុមារផងដែរ។ សម្រាប់អង្គការទស្សនៈពិភពលោកកម្ពុជា ភាពជាដៃគូនេះមានសារៈសំខាន់ណាស់ក្នុងការធានាថាម្តាយ និងកុមារតូច ទទួលបានការពារ គាំទ្រ និងមិនត្រូវបានបំភ្លេចចោលក្នុងពេលមានវិបត្តិ៕