ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឱសថ និងឧបករណ៍បរិក្ខារពេទ្យ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងការលើកកម្ពស់ការគ្របដណ្តប់សុខភាពសកល។ ការងារទាំងនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សារវាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជាមួយលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងការលើកកម្ពស់ការគ្របដណ្តប់សុខភាពសកល តាមរយៈការចែករំលែកបទពិសោធន៍ ទាំងបច្ចេកទេស និងឯកសារគោលនយោបាយ ការសិក្សាស្រាវជ្រាវលើជំងឺឆ្លង ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឱសថ និងឧបករណ៍បរិក្ខារពេទ្យ។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចាប់អារម្មណ៍របស់ភាគីប្រេស៊ីល ក្នុងការគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និងបន្តសម្របសម្រួលកិច្ចសហប្រតិបត្តិការឲ្យលេចចេញជារូបរាង ស្របតាមអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាចុងបញ្ចប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះលោកស្រីអគ្គរដ្ឋទូត និងសហការី ដែលខិតខំស្វែងរកយន្តការ ដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល និងពង្រឹងសមត្ថភាព ធនធានមនុស្សសុខាភិបាល ព្រមទាំងបានបញ្ជាក់ពីការគាំទ្រក្រសួង ចំពោះ កិច្ចសហប្រតិបត្តិការដែលមានគោលបំណងរួមចំណែក ដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខភាពសាធារណៈនៅកម្ពុជា៕