ភ្នំពេញ៖ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ កុម្ភៈនេះ បានចេញព្រះរាជសារ អបអរសាទរក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ដោយបានរំលេចពីការអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរសជនជាតិ-អន្តរជាតិនានា បន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រលើសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីន នៅព្រះរាជាណាចក្រកម្ពុជា ខណៈសង្គ្រាមឈ្លានពានពីថៃក្លាយជាបន្ទុកបន្ថែមសម្រាប់រដ្ឋាភិបាល។
នៅក្នុងខ្លឹមសារព្រះរាជសារ បានបញ្ជាក់ពីបច្ចុប្បន្នភាពនៃប្រទេសកម្ពុជាដែលទើបបានរងការវាយប្រហារដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅលើសមរភូមិ មាន គ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងៗនៅរាយប៉ាយតាមភូមិរបស់ប្រជាជនកម្ពុជា ការណ៍នេះបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបោសសម្អាតបន្ថែមទៀត។
ព្រះមហាក្សត្រ បានសូមអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និងសប្បុរស ជនជាតិ-អន្តរជាតិនានា សូមមេត្តាបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រលើសកម្មភាពបោស សម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីន នៅព្រះរាជាណាចក្រកម្ពុជា៕