681 ezgif.com resize
Swift cc time

ស.ស.យ.ក ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ២២ ខែកុម្ភៈ បានរៀបចំពិធី«ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨» នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ (អគារ E-F)។ កម្មវិធីនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្ដាល មកពីរាជធានី-ខេត្ត វិស័យ ក្រុមការងានីតិបុគ្គល និងអង្គការ សមាគម ចូលរួមប្រមាណជាង៨០០នាក់។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ គឺជាឧបករណ៍ដ៏សំខាន់ក្នុងការកំណត់ទិសដៅរួមសម្រាប់ការពង្រឹង ស.ស.យ.ក. ឱ្យកាន់តែមានភាពរឹងមាំ ដើម្បីមានមូលដ្ឋានគ្រាប់គ្រាន់បន្តបេសកម្មថែរក្សាកេរ្តិ៍ដំណែល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់យុវជនជំនាន់ក្រោយ ឈរលើគោលការណ៍ «ពីកេរ្តិ៍ដំណែល ទៅសមិទ្ធផលថ្មី»។

ប្រធាន ស.ស.យ.ក ក៏បានផ្ដល់ការណែនាំជូនគ្រប់រចនាសម្ព័ន្ធនៅក្នុងអង្គពិធីរួមមាន៖ ( ១) សូមសមាជិក សមាជិកា បន្ដពង្រឹងនិងពង្រីករចនាសម្ព័ន្ធ (២) សូមសមាជិក សមាជិកា ប្រើប្រាស់ផែនទីបង្ហាញផ្លូវ ស.ស.យ.ក.២.០ ជាមូលដ្ឋាន ក្នុងការរៀបចំ និងអនុវត្តសកម្មភាព ដើម្បីលើកកម្ពស់កិត្តិនាម និងផ្សព្វផ្សាយអត្តសញ្ញាណ និងគុណតម្លៃ ស.ស.យ.ក ជាពិសេសនោះ ការធ្វើនវានុវត្តន៍ ស.ស.យ.ក. ឱ្យកាន់ទំនើបស្របទៅនឹងសម័យឌីជីថល និងបច្ចេកវិទ្យា (៣) ជំរុញអនុវត្ត តាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ស.ស.យ.ក. ២.០ (៤) បន្ដផ្សព្វផ្សាយដល់សមាជិក សមាជិកា ក្រោមចំណុៈខ្លួនឱ្យបានទូលំទូលាយ។

ចំណែក លោក ហេង សុខណាង សមាជិកគណៈអចិន្រ្ដៃយ៍ តំណាងលោកឌី វិជ្ជា អនុប្រធាន និងអគ្គលេខាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានរាយការណ៍ជូនគណៈអធិបតី និងអង្គពិធីទាំងមូល អំពីសារៈសំខាន់ និងខ្លឹមសារសង្ខេបនៃផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា២.០។ ក្នុងនោះ លោកក៏បានរំលេចឲ្យដឹងថា ការរៀបចំឯកសារផែនទីបង្ហាញផ្លូវនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការគិតគូរ និងពិភាក្សាយ៉ាងម៉ត់ចត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការចូលរួមយ៉ាងសកម្មពីសំណាក់ថ្នាក់ដឹកនាំ នឹងគ្រប់ភាគីពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ ឯកសារផែនទីបង្ហាញផ្លូវនេះ ដើម្បីពង្រឹង និងពង្រីកស្ថាប័នឱ្យកាន់តែមានភាពរឹងមាំ ធានានិរន្តរភាពសកម្មភាព ការងាររបស់ ស.ស.យ.ក. ឱ្យកាន់តែមានភាពធន់ ឆ្លើយតបបានទៅនឹងបេសកកម្ម និងការវិវត្តន៍ ឥតឈប់ឈរនៃស្ថានភាពសង្គម សេដ្ឋកិច្ច និងប្រជាសាស្ត្ររបស់ប្រទេសជាតិ។ 

ម្យ៉ាងទៀត កម្មវិធីនេះ គឺជាឱកាសនៃការពង្រឹងពង្រីកសមាជិកភាព និងការ ធ្វើវឌ្ឍនភាពលើកិច្ចការដែលយើងធ្លាប់បានធ្វើកន្លងមក ជាពិសេសការធ្វើសកម្មភាពរបស់យើងស្របតាមអ្វីដែលជាបរិបទរបស់យុវជនជំនាន់ថ្មី៕


Khcct banner

អត្ថបទទាក់ទង