ថៃ៖ អតីតបេក្ខជនតំណាងរាស្ត្រមកពីគណបក្សប្រជាជន កញ្ញា Nitchanan Wangkahat បានអំពាវនាវឱ្យកងទ័ពថៃ ផ្តល់ការពន្យល់ឱ្យបានក្បោះក្បាយ និងបង្ហាញភស្តុតាងបន្ថែមជុំវិញការស្លាប់ពលទាហានម្នាក់ឈ្មោះ Pecharat Kamlangying វ័យ ២២ ឆ្នាំ ដែលបានប្រព្រឹត្តខុសនឹង «វិន័យកងទ័ព» និងបានស្លាប់ក្នុងអំឡុងពេលជាប់ឃុំឃាំងវិន័យនៅក្នុងបន្ទាយកងពលកាំភ្លើងធំទី២ ក្នុងខេត្ត Prachin Buri កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ កន្លងទៅ។
តាមការផ្សាយរបស់កាសែតថៃ Khaosod កញ្ញា Nitchanan បានទាមទារឱ្យមានការបង្ហាញខ្សែអាត់ CCTV ពេញលេញ បញ្ជីឈ្មោះមន្ត្រីដែលពាក់ព័ន្ធ និងរបាយការណ៍កោសល្យវិច័យលម្អិតបន្ថែម ដោយសារមានការកត់សម្គាល់ថា កាមេរ៉ាសុវត្ថិភាពមួយចំនួនត្រូវបានងើបឡើងលើខុសធម្មតា ហើយក្រុមគ្រួសារជនរងគ្រោះនៅតែមានការសង្ស័យលើភាពមិនប្រក្រតីជាច្រើនចំណុច។
ជាការឆ្លើយតប អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ទោ Winthai Suvaree នៅថ្ងៃ២២ កុម្ភះនេះ បានបញ្ជាក់ថា ពលទាហានរូបនោះបានដួលសន្លប់ និងស្លាប់ដោយសារ«ជម្ងឺខ្សោយបេះដូងស្រួចស្រាវ» (Acute Heart Failure) ដោយមិនមានស្លាកស្នាមនៃការប្រើហិង្សា ឬការធ្វើទារុណកម្មណាមួយឡើយ។
ទោះជាមានការបកស្រាយក៏ដោយ ខាងក្រុមគ្រួសារនៅតែមិនទាន់អស់ចិត្ត ដោយសារការរកឃើញវត្ថុចម្លែក (ស្លាបព្រាលោហៈខ្លី) នៅក្នុងធាតុបន្ទាប់ពីបូជារួច និងភាពមិនស៊ីគ្នានៃសាក្សីជុំវិញទីកន្លែងកើតហេតុ និងពេលវេលានៃការស្លាប់ពិតប្រាកដ។ បច្ចុប្បន្ន ក្រុមគ្រួសារកំពុងស្វែងរកភ្នាក់ងារពិនិត្យ DNA ឯករាជ្យ ខណៈដែលខាងកងទ័ពថៃអះអាងថា ខ្លួនត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ព័ត៌មានបន្ថែម ប្រសិនបើគ្រួសារសាច់ញាតិនៅតែមិនព្រមទទួលយក។