អាម៉េរិក៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងមានវត្តមានក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព តាមការកោះអញ្ជើញពីលោកដូណាល់ ត្រាំ។វត្តមានរបស់ សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅWashington DC, ប៉ុន្មានថ្ងៃចុងក្រោយនេះ ស្តែងឱ្យឃើញនូវដំណាក់កាលចម្បងមួយនៃការទូតកម្ពុជា មានមូលដ្ឋាននៅលើ សន្តិភាព កិច្ចសន្ទនា និងពហុភាគីនិយម។នេះបើយោងតាមលោក តាន់ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
លោក តាន់ហ្សង់ ហ្វ្រង់ស័រ បានថ្លែងលើកឡើងចំនួន៤ចំណុចស្តីពីវត្តមានសម្តេច ហ៊ុន ម៉ាណែត លើទឹកដីអាម៉េរិក គឺទី១ ការទូតសកម្មប្រកបដោយតុល្យភាព និងទំនួលខុសត្រូវ ដោយប្រើពាក្យអង់គ្លេសបីម៉ាត់ ៖ to multilateralize, to publicize និង to bilateralize ។
បើតាម លោក តាន់ហ្សង់ ហ្វ្រង់ស័រ អះអាងថា តាមរយៈការចូលរួមក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព(BoP) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចង់បង្ហាញជាថ្មីនូវជំហរឥតងាករេរបស់កម្ពុជាដែល ជាយូរឆ្នាំកន្លងមកហើយ មានមូលដ្ឋាននៅលើ សន្តិភាព កិច្ចសន្ទនា និងពហុភាគីនិយម ។ បានន័យថា នៅគ្រប់ទីកន្លែងណាដែលមានកិច្ចសន្ទនាបែបពហុភាគី ដើម្បីលើកឡើងពី«សន្តិភាព» គឺត្រូវតែមានមុខប្រទេសកម្ពុជា។
លោក តាន់ហ្សង់ ហ្វ្រង់ស័រ បានបន្តថា កម្ពុជា គ្មានឱកាសណាប្រសើរជាងពេលនេះ នៅWashington DC ទេ ដើម្បីបញ្ជាក់ជាថ្មីនូវជំហរសន្តិភាពនិយមរបស់កម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែនជាមួយថៃ។ និយាយបែបផ្សេង កម្ពុជានៅរក្សាជម្រើសឥតងាករេដដែល នោះគឺ ដំណោះស្រាយ ដោយសន្តិវិធី និង ដោយប្រើប្រាស់យន្តការបច្ចេកទេស និងសន្ធិសញ្ញាអន្តរជាតិដែលមានស្រាប់។ ប៉ុន្តែថៃត្រូវប្រញាប់វិលមកកាន់តុចរចា។ ដូចគ្នា ពេលនេះក៏ជាពេលដែលកម្ពុជាត្រូវនិយាយបំភ្លឺការពិតមួយចំនួនដែរ ។ ម្ល៉ោះហើយ នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយអាមេរិក Reuters និង Fox News Digital, សម្តេច លាតត្រដាងយ៉ាងចំហប្រាប់ពិភពលោកថា«កងទ័ពថៃចូលកាន់កាប់ច្រើនទីតាំង យ៉ាងជ្រៅក្នុងទឹកដីកម្ពុជា។ ការកាន់កាប់នេះ គឺវាហួសឆ្ងាយពីខ្សែបន្ទាត់ព្រំដែនដែលថៃទាមទារចង់បានជាឯកតោភាគីទៅទៀត» ។
ជាមួយគ្នានេះ លោក តាន់ហ្សង់ ហ្វ្រង់ស័រ បានចាត់ទុក ការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយអាម៉េរិក គឺជាគោលដៅទីបីរបស់ សម្តេច ហ៊ុន ម៉ាណែត នៅWashington DC ។ ការទូតនេះស្តែងឡើង តាមរយៈជំនួបជាមួយថ្នាក់ដឹកនាំអាម៉េរិក នៃក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងក្រសួងសង្គ្រាម ។ ធ្វើបែបនេះ, សម្តេច បញ្ជាក់ឡើងវិញនូវជំហរឥតងាករេរបស់កម្ពុជា ៖ ក្នុងនាម ជាប្រទេសតូចដែលស្រឡាញ់សន្តិភាព និងដែលមានតែមិត្តនៅក្នុងលោក, កម្ពុជាត្រូវការឈរនៅចំកណ្តាល លើទីតាំងដែលមានតុល្យភាពល្អ នៅចន្លោះចិននិងអាមេរិក ៕