ភ្នំពេញ៖ កម្ពុជា-តួកគី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាលេីវិស័យសំខាន់ៗរួមមាន វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ, វិស័យសន្តិសុខនិងការពារជាតិ ក៏ដូចជាវិស័យអប់រំជាដើម។ ការឯកភាពនេះ ត្រូវបានធ្វេីឡេីងរវាងសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦។
នាឱកាសនេះ រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគីយ៉េ លើវិស័យសំខាន់ៗជាច្រើន។ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានគោរពអញ្ជើញសម្ដេច ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ក្នុងពេលវេលាសមស្រប ក្នុងគោលបំណងបន្តជំរុញនូវការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ។
រដ្ឋមន្ត្រីការបរទេសតួកគីយ៉េ ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ និងមានបំណងស្វែងយល់បន្ថែម ទៅលើជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសឬសគល់នៃជម្លោះនេះ។ លោកសង្ឃឹមថា កម្ពុជា-ថៃនឹងអាចសម្រេចបាននូវសន្តិភាពយូរអង្វែង នាពេលអនាគត។
ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយប្រទេសតួកគីយ៉េ ដើម្បីពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរថែមទៀត។ ក្នុងឱកាសនេះ, សម្ដេចក៏បានគូសបញ្ជាក់អំពីគោលនយោបាយរបស់កម្ពុជាក្នុងការធ្វើពិពិធកម្មដៃគូនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ លើជុំវិញពិភពលោក ផងដែរ។
ភាគីទាំងពីរ បានបន្តពិភាក្សាដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅផ្ដល់សន្ទុះទៅដល់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលផ្ដោតលើវិស័យសំខាន់ៗ រួមមាន៖ វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ, វិស័យសន្តិសុខនិងការពារជាតិ ក៏ដូចជាវិស័យអប់រំជាដើម។ ជាងនេះទៀត ភាគីទាំងពីរក៏បានបន្តពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងខណ្ឌតំបន់ និងពិភពលោក ជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន៕