681 ezgif.com resize
Swift cc time

តុលាការ ICC នឹងបន្តសម្រេចក្តីលោកឌូទើតេ ៦០ថ្ងៃខាងមុខនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ហ្វីលីពីន៖ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចាប់ផ្ដើមបើកសវនាការរយៈពេល ៤ ថ្ងៃលើសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់អតីតប្រធានាធិបតីហ្វីលីពីន ចាប់ពីថ្ងៃ១៦ កុម្ភះ បានបញ្ចប់នៅថ្ងៃ១៩ ខែកុម្ភៈកន្លងទៅ ដើម្បីពិនិត្យលើភស្តុតាងថា តើមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងអំពើឃាតកម្មយ៉ាងហោចណាស់ ៧៦ ករណី ចន្លោះឆ្នាំ ២០១៣ ដល់ ២០១៨ ដែរឬទេ បន្ទាប់ពីព្រះរាជអាជ្ញាបានចោទប្រកាន់លោកពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»ចំនួន ៣ ករណី ដែលរួមមានការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ក្នុងអំឡុងពេលលោកធ្វើជាអភិបាលក្រុងដាវ៉ាវ និងក្នុងយុទ្ធនាការ «សង្គ្រាមប្រឆាំងគ្រឿងញៀន» ដ៏សាហាវឃោរឃៅ ពេលលោកធ្វើជាប្រធានាធិបតី។ នេះបើតាមការចេញផ្សាយរបស់កាសែតFrance 24 ។

លោក ឌូទើតេ កំពុងត្រូវបានឃុំខ្លួននៅប្រទេសហូឡង់ ហើយចៅក្រមនឹងប្រើពេល ៦០ ថ្ងៃទៀត ដើម្បីសម្រេចថាតើត្រូវកាត់ទោសលោកពីបទ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ឬយ៉ាងណា ខណៈដែលក្រុមគ្រួសារជនរងគ្រោះរាប់ពាន់នាក់កំពុងរង់ចាំយុត្តិធម៌។ សវនាការនេះត្រូវបានអង្គការឃ្លាំមើលពីក្រុមសិទ្ធិមនុស្ស (Human Rights Watch) ចាត់ទុកថាជា «ជំហានដ៏សំខាន់មួយក្នុងការស្វែងរកយុត្តិធម៌» សម្រាប់ក្រុមគ្រួសារជនរងគ្រោះរាប់ពាន់នាក់ដែលបានបាត់បង់ជីវិត។

គួររម្លឹកថា លោក ឌូទើតេ គឺជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេបង្អស់ ដែលត្រូវបាននាំខ្លួនមកបង្ហាញមុខចំពោះមុខតុលាការ ICC។ លោកត្រូវបានចាប់បញ្ជូនខ្លួននៅទីក្រុងម៉ានីល កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៥ កន្លងទៅ ហើយបច្ចុប្បន្នរូបលោកកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារក្នុងទីក្រុងឡាអេ ប្រទេសហូឡង់៕

Khcct banner

អត្ថបទទាក់ទង