681 ezgif.com resize
Swift cc time

ថៃព្រមានរដូវក្តៅឆ្នាំនេះនឹងកើនដល់«៤៣អង្សាសេ»អាចឱ្យមនុស្សដាច់សរសៃឈាមខួរក្បាលនិងគ្រោះថ្នាក់ផ្សេងៗ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
Kun Sombor
/

ថៃ៖ អគ្គនាយកដ្ឋានឧតុនិយមថៃបានប្រកាសជាផ្លូវការនៅថ្ងៃ១៩កុម្ភៈម្សិលមិញថា ប្រទេសថៃនឹងចាប់ផ្ដើមឈានចូលរដូវក្ដៅនៅថ្ងៃ ២២កុម្ភៈ ខាងមុខនេះ ដោយគេរំពឹងថាសីតុណ្ហភាពនឹងហក់ឡើងខ្ពស់ខ្លាំងរហូតដល់ ៤៣°C។ យោងតាមការព្យាករណ៍របស់អគ្គនាយកដ្ឋានឧតុនិយមថៃ កម្ដៅនឹងកើនឡើងខ្លាំងជាពិសេសនៅតំបន់ភាគខាងលើនៃប្រទេសដូចជាខេត្ត ឈៀងម៉ៃ ឈៀងរ៉ាយ លំពួន លំប៉ាង មេហុងសន និងបណ្តាលខេត្តមួយចំនួនទៀតដោយចាប់ពីពាក់កណ្តាលខែមីនា ដល់ខែមេសាខាងមុខនេះអាចនឹងក្ដៅជាងឆ្នាំមុនខ្លាំង។ រដូវក្ដៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងអូសបន្លាយរហូតដល់ពាក់កណ្ដាលខែឧសភា ក្រោមឥទ្ធិពលនៃបាតុភូត La Niña ដែលកំពុងចុះខ្សោយ។

តាមការចេញផ្សាយរបស់កាសែតថៃ The Nation អាជ្ញាធរថៃបានចេញការព្រមានអំពីគ្រោះថ្នាក់នៃ ជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅខ្លាំង (Heatstroke)និងលទ្ធភាពនៃការកើតមានព្យុះរដូវក្ដៅដែលនឹងកើតមានចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ដែលអាចបង្កឱ្យមានភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ខ្លាំងក្លាជាដើម។

អគ្គនាយកដ្ឋានឧតុនិយមថៃ បានណែនាំឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយគួរជៀសវាងការធ្វើសកម្មភាពនៅខាងក្រៅផ្ទះនៅចន្លោះម៉ោង ១០ ព្រឹក ដល់ម៉ោង ៧ យប់ ដែលជាពេលមានកម្ដៅខ្លាំងបំផុត និងត្រូវប្រុងប្រយ័ត្នចំពោះហានិភ័យនៃអគ្គិភ័យ ឬភ្លើងឆេះព្រៃក្នុងអំឡុងពេលអាកាសធាតុស្ងួតនេះ។

គួររម្លឹកថាឡានីណា (La Niña) គឺជាបាតុភូតអាកាសធាតុធម្មជាតិម្យ៉ាងដែលកើតឡើងនៅពេលដែលផ្ទៃទឹកសមុទ្រនៅតំបន់ត្រូពិកនៃមហាសមុទ្រប៉ាស៊ីហ្វិក (ប៉ែកខាងកើត និងកណ្តាល) មានសីតុណ្ហភាព ចុះត្រជាក់ ខុសពីធម្មតា៕

Khcct banner

អត្ថបទទាក់ទង