ព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ SEVEN SEAS EXPLORER ដឹកភ្ញៀវទេសចរជាង ៧០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចូលចតនៅកំពង់ផែព្រះសីហនុដោយសុវត្ថិភាព កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។ ការចូលចតនេះ គឺក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ ហើយគ្រោងនឹងចាកចេញទៅប្រទេសវៀតណាមនៅយប់ថ្ងៃដដែល។ នេះបើតាមសេចក្ដីប្រកាសរបស់កំពងផែស្វយ័តក្រុងព្រះសីហនុ។
បើតាមសេចក្ដីប្រកាស នាវេលាម៉ោង ៩:៣០ នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាវាទេសចរណ៍ ឈ្មោះ SEVEN SEAS EXPLORER សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ២២៣,៧៤ ម៉ែត្រ ប្រវែងទទឹង ៣១,០០ ម៉ែត្រ ជម្រៅ ៧,០០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។
នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៥៤៦ នាក់ (ស្រី ១៣៨ នាក់) មាន ៤០ សញ្ជាតិ។ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៧៣០ នាក់ (ស្រី ៣៧៤ នាក់) មាន ២៤ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៥៤១) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល៕