681 ezgif.com resize
Swift cc time

កម្ពុជា-អាម៉េរិកប្តេជ្ញាជំរុញទំហំ«ពាណិជ្ជកម្មនិងវិនិយោគ»ទ្វេភាគីខណៈឆ្នាំ២០២៥ពាណិជ្ជកម្មទ្វេភាគីកើនជិត២៩%

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាម៉េរិក៖ក្នុងពេលកំពុងមានវត្តមាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក សម្ដេច ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយលោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក។នៅក្នុងជំនួបនោះ សមភាគីទាំងពីរ បានបង្ហាញពីសុទិដ្ឋិនិយមរួមគ្នា ជំរុញទំហំ«ពាណិជ្ជកម្ម និង វិនិយោគ»ទ្វេភាគី ខណៈឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគី បានកើនឡើងជិត ២៩% ធៀបជាមួយឆ្នាំ២០២៤កន្លងទៅ។

យោងតាមលោក Jamieson Greer បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាម៉េរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេស នៅក្នុងវិស័យពាណិជ្ជកម្ម។លោកថា ជាក់ស្ដែង, ពាណិជ្ជកម្មទ្វេភាគី អាម៉េរិក-កម្ពុជា បន្តកើនឡើងប្រមាណជិត ២៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹងទំហំពាណិជ្ជទ្វេភាគីក្នុងឆ្នាំ២០២៤ ស្របពេលដែលការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏កើនឡើង ដែលនេះលោកចាត់ទុកថា គឺជាផ្លែផ្កានៃការជឿទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ចំណែកសម្តេច ហ៊ុន ម៉ាណែត បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ក្នុងការចរចា និងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និង អាម៉េរិក ដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់ ១៩% លើការនាំចូលទំនិញរបស់កម្ពុជាចូលសហរដ្ឋអាម៉េរិក។សម្តេចនាយករដ្ឋមន្ត្រីក៏មិនភ្លេចថ្លែងអំណរគុណ លោក Donald J. Trump ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញឱ្យមានបទឈប់បាញ់កម្ពុជា និងថៃ ដើម្បីធានាដល់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។

ក្រោយចប់កិច្ចប្រជុំ ទាំងសម្តេច ហ៊ុន ម៉ាណែត និងលោក Jamieson Greer ក៏បានសម្ដែងនូវសុទិដ្ឋិនិយមថា ក្រោមការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ, ទំនាក់ទំនង កម្ពុជា-អាម៉េរិក នឹងកាន់តែប្រសើរឡើង ជាពិសេសជំរុញឱ្យមានកំណើនពាណិជ្ជកម្មទ្វេភាគី និងកំណើនការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង