អាម៉េរិក៖ យោធាអាម៉េរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការវាយប្រហារអ៊ីរ៉ង់នៅចុងសប្តាហ៍នេះ បន្ទាប់ពីសហរដ្ឋអាម៉េរិកបានបញ្ជូនយន្តហោះចម្បាំង និងសម្ភារៈយោធាជាច្រើនសន្ធឹកសន្ធាប់ទៅកាន់ តំបន់មជ្ឈិមបូព៌ាចំពេលដែលកិច្ចចរចាអាម៉េរិក និងអ៊ីរ៉ង់ក្នុងសំណុំរឿងឲ្យអ៊ីរ៉ង់ផ្អាកការផលិតនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិកមិនមានលទ្ធផលវិជ្ជមានក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNN។
យោងតាមសេចក្តីរាយការណ៍របស់ CNN ដដែលយោធាអាម៉េរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារអ៊ីរ៉ង់នៅចុងសប្តាហ៍នេះ ទោះបីជាប្រធានាធិបតី ដូណាល់ត្រាំ មិនទាន់បានធ្វើការសម្រេចចិត្តចុងក្រោយថាតើលោកនឹងអនុញ្ញាតឲ្យមានសកម្មភាពយោធាលើអ៊ីរ៉ង់បែបនេះឬអត់ក៏ដោយ ដោយសេតវិមានត្រូវបានជូនដំណឹងថា យោធាអាចត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារនៅចុងសប្តាហ៍នេះលើអ៊ីរ៉ង់ បន្ទាប់ពីមានការកើនឡើងគួរឱ្យកត់សម្គាល់នៃទាហានផ្លូវអាកាស និងកងទ័ពជើងទឹកអាម៉េរិកនៅមជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
មន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់រដ្ឋបាលត្រាំបានជួបប្រជុំគ្នាកាលពីថ្ងៃពុធនៅក្នុងបន្ទប់ស្ថានភាពសេតវិមាន ដើម្បីពិភាក្សាអំពីស្ថានភាពនៅអ៊ីរ៉ង់ មនុស្សម្នាក់ដែលដឹងពីកិច្ចប្រជុំនេះបានប្រាប់ CNN ថា លោក ដូណាល់ត្រាំ ក៏ត្រូវបានជូនដំណឹងនៅថ្ងៃពុធដោយបេសកជនពិសេស Steve Witkoff និង លោក Jared Kushner ដែលជាកូនប្រសាររបស់លោក ត្រាំ អំពីកិច្ចពិភាក្សាដោយប្រយោលរបស់អ្នកទាំងពីរជាមួយអ៊ីរ៉ង់ដែលបានកើតឡើងមួយថ្ងៃមុននេះ។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានបញ្ជាក់កាលពីថ្ងៃពុធថា អ៊ីរ៉ង់នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីជំហរចរចារបស់ខ្លួន «ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខ» ប៉ុន្តែលោកប្រធានាធិបតីដូណាល់ត្រាំនឹងសម្រេចចិត្តបើកការវាយប្រហារមិនទទួលបានជំហរបស់អ៊ីរ៉ង់រឺយ៉ាងណានោះទេ៕