ភ្នំពេញ៖ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ បានថ្លែងចាត់ទុកប្រទេសថៃមិនអាចគេចផុតពីអំណាចភូមិសាស្ត្រនយោបាយបានទេ។ កម្ពុជាត្រូវតែយកឈ្នះការទូត (អំណាចទន់) ដើម្បីឈ្នះទឹកដីមកវិញ ទោះចំណាយពេលយូរក៏ដោយ។នេះបើយោងតាមការបង្ហោះរបស់លោកតាមបណ្តាញសង្គមផ្លូវការ។
លោក អ៊ូ វីរៈ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសថៃ កំពុងតាមដានការចរចាសន្តិភាពរវាងរុស្ស៊ី និង អ៊ុយក្រែន។ ប្រសិនបើរុស្ស៊ីអាចរក្សាដីដែលពួកគេបានឈ្លានពានបាន នោះប្រទេសថៃនឹងសង្ឃឹមថានឹងបង្ខំកម្ពុជាឱ្យទទួលយកដូចគ្នា។លោក ប្រទេសថៃមិនមែនជារុស្ស៊ីទេ ហើយកម្ពុជានឹងមិនព្រមបាត់បង់ទឹកដីរបស់នោះឡើយ។
បើតាមអ្នកជំនាញរូបនេះ យល់ថា រុស្ស៊ីកំពុងធ្វើសង្គ្រាមឈ្លានពានដោយផ្អែកលើការគំរាមកំហែងនៃការបំផ្លិចបំផ្លាញពិភពលោកដោយអាវុធនុយក្លេអ៊ែរ។ ប្រទេសថៃមិនមែនជាអំណាចកណ្ដាលមួយផង។ ប្រទេសថៃមិនអាចគេចផុតពីអំណាចភូមិសាស្ត្រនយោបាយបានទេ។ កម្ពុជាត្រូវតែយកឈ្នះការទូត (អំណាចទន់) ដើម្បីឈ្នះទឹកដីមកវិញ ទោះចំណាយពេលយូរក៏ដោយ។ កែទម្រង់ផង ពង្រឹងផង ការទូតផង។
បច្ចុប្បន្ន សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងមានវត្តមានក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព តាមការកោះអញ្ជើញពីលោកដូណាល់ ត្រាំ។ក្នុងឱកាលនៃវត្តមាននៅទីនោះ គេរំពឹងថា សម្តេចនឹងមានជំនួបជាមួយថ្នាក់ដឹកនាំធំៗជាច្រើនលើពិភពលោក។
ទៅដល់ទឹកដីអាម៉េរិកភ្លាម សម្តេច ហ៊ុន ម៉ាណែត បានថ្លែងបកអាក្រាតសកម្មភាពឈ្លានពានរបស់ថៃលើដែនអធិបតេយ្យរបស់កម្ពុជាជាមួយទីភ្នាក់ងារអន្តរជាតិ Reuters តាមរយៈ ក្រុមយោធាថៃចូលកាន់កាប់យ៉ាងជ្រៅ និង បានដាក់កុងតឺន័រដឹកទំនិញ រាយលួសបន្លា រារាំងដល់ជនស៊ីវិលកម្ពុជាមិនអាចវិលចូលផ្ទះសម្បែងរបស់គេបាន។តាមផែនការសម្តេចនឹងជួបជាមួយថ្នាក់ដឹកនាំធំៗជាច្រើនទៀត៕