អាម៉េរិក៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កំពុងមានវត្តមានក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព តាមការកោះអញ្ជើញពីលោកដូណាល់ ត្រាំ។ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញក្តីរំពឹងថា ស្ថាប័នថ្មីនេះ អាចដើរតួនាទីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែន ដែល ផុយស្រួយ ទោះបីជាមានបទឈប់បាញ់ខែធ្នូក៏ដោយ។
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters សម្តេច ហ៊ុន ម៉ាណែត បានបកអាក្រាតសកម្មភាពឈ្លានពានរបស់ក្រុមយោធាថៃចូលដែនអធិបតេយ្យជាតិរបស់ប្រទេសកម្ពុជា បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាម៉េរិកលោក Donald Trump និង អាស៊ានក្តី។
បើតាមសម្តេច ហ៊ុន ម៉ាណែត បានអះអាងថា បច្ចុប្បន្នដែនអធិបតេយ្យជាតិរបស់កម្ពុជាមួយចំនួនត្រូវបានក្រុមយោធាថៃចូលកាន់កាប់យ៉ាងជ្រៅ និង បានដាក់កុងតឺន័រដឹកទំនិញ រាយលួសបន្លា រារាំងដល់ជនស៊ីវិលកម្ពុជាមិនអាចវិលចូលផ្ទះសម្បែងរបស់គេបាន។សម្រាប់សម្តេច "មធ្យោបាយតែមួយគត់ ដើម្បីផ្ទៀងផ្ទាត់នោះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលកម្ពុជា និងថៃ បានចុះរួមគ្នាដោយ ពោលគឺ ផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀងទាំងអស់ដែលប្រទេសទាំងពីរមាន។
ក្នុងបទសម្ភាសន៍ជាមួយ Reuters សម្តេចនាយករដ្ឋមន្ត្រី សង្ឃឹមថាប្រទេសថៃនឹងវិលចូលកិច្ចប្រជុំ JBC ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថា ឥឡូវនេះការបោះឆ្នោតត្រូវបានធ្វើរួចហើយ ហើយសង្ឃឹមថាប្រទេសថៃអាចចាប់ផ្តើមយ៉ាងហោចណាស់នៅលើកម្រិតបច្ចេកទេស ដើម្បីចាប់ផ្តើមវាស់វែង ចាប់ផ្តើមបោះបង្គោលនៅក្នុងតំបន់ក្តៅ ហើយរៀបចំព្រំដែនឱ្យវិលមកសភាពដើមវិញ៕