681 ezgif.com resize
Swift cc time

អនុរដ្ឋមន្ដ្រីក្រសួងការពារឡាវរីករាយពី«សន្តិភាព»តាមព្រំដែនកម្ពុជា-ឡាវ និងប្តេជ្ញាប្រឹងប្រែងពូនជ្រុំទំនាក់ទំនងបន្ថែម

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេង៖ លោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) និងស្តាំ៖ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា

ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៧ កុម្ភៈនេះ បានជួបជាមួយឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ។ក្នុងជំនួបនោះ សមភាគីឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែន ដែលជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នាជាមួយកម្ពុជា។

ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន លោក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន ជាពិសេសសង្កត់ធ្ងន់លើទំនាក់ទំនងក្នុងវិស័យការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរ។លោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែន ដែលជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយមានសុខសន្តិភាព និងសុវត្ថិភាពជាមួយគ្នាបានល្អ តាមរយៈការសហការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ព អាជ្ញាធរ នៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីសកម្មភាព ក៏ដូចជា កិច្ចសហប្រតិបត្តិការ ដោយឯកឧត្ដមបានជួបពិភាក្សាជាមួយនឹងឯកឧត្ដមអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា រួមទាំងរដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្នុងពេលឯកឧត្ដមបំពេញទស្សនកិច្ចនៅកម្ពុជា ដែលជាកត្តាដ៏សំខាន់ក្នុងការដាក់ចេញនូវផែនការពង្រីកនូវទំនាក់ទំនងទ្វេភាគី ក្នុងក្របខ័ណ្ឌកងទ័ពកម្ពុជា និងកងទ័ពប្រជាជនឡាវ ។

ជាការឆ្លើយតប សម្តេច ហ៊ុន សែន ក៏រីករាយដែលឃើញកិច្ចសហប្រតិបត្តិការល្អនៅតាមព្រំដែន រវាងកម្ពុជា និងឡាវ មានជាមួយគ្នាក្នុងពេលកន្លងមក ហើយសម្ដេចបានជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរ ធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាពសន្តិសុខតាមព្រំដែននេះឱ្យបានកាន់តែល្អប្រសើរ។ សម្ដេចក៏បានផ្ដល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការតាមព្រំដែន នៅក្នុងក្របខ័ណ្ឌនៃការពង្រីកទំនាក់ទំនងល្អ ដូចជាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ប៉ុន្តែលើសពីនេះ សម្ដេចតេជោ ក៏ចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជា ទឹកជំនន់ ភ្លើងឆេះព្រៃជាដើម ដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជា និងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត៕

Khcct banner

អត្ថបទទាក់ទង