ភ្នំពេញ៖ គិតមកដល់ពេលបច្ចុប្បន្ននេះ ទុនវិនិយោគសរុបក្នុង«វិស័យរ៉ែ»របស់ប្រទេសកម្ពុជា មានប្រមាណ២,៨៩០លានដុល្លារ ដោយបានបង្កើតការងារដោយផ្ទាល់ប្រមាណ១២,១៣០នាក់ ក្នុងនោះប្រជាពលរដ្ឋខ្មែរប្រមាណ១១,៥៤៧នាក់ ស្មើនឹង ៩៥ភាគរយ។នេះបើយោងតាមលោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែនិងថាមពល។
យោងតាមលោក អ៉ឹង ឌីប៉ូឡា បានគូសបញ្ជាក់ថា វិស័យរ៉ែនៅកម្ពុជាមានការរីកចម្រើន ដោយសារផលិតផលរ៉ែនាពេលនេះត្រូវបានកែច្នៃចេញពីធនធានរ៉ែដែលមាននៅកម្ពុជា សម្រាប់បម្រើឱ្យតម្រូវការទីផ្សារក្នុងស្រុកជំនួសឱ្យការនាំចូល និងបាននាំចេញទៅកាន់ទីផ្សារបរទេសមួយចំនួនថែមទៀត។លោកថា ចាប់ពីឆ្នាំ២០២៣កម្ពុជា បានប្រែក្លាយពីប្រទេសនាំចូលស៊ីម៉ងត៍ ១០០ភាគរយ ទៅជាប្រទេសអាចផ្គត់ផ្គង់តម្រូវការទាំងស្រុង និង ក្លាយជាប្រទេសដែលនាំចេញស៊ីម៉ងត៍ជាលើកដំបូង។
បើតាមលោក លោក អ៉ឹង ឌីប៉ូឡា ចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ នៅក្នុងរយៈពេល ១០ ឆ្នាំចុង ក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយមានកំណើនពីជាង ១៣លានដុល្លារនៅក្នុងឆ្នាំ ២០១៦ ទៅ ១៣៥,៥៥ លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៥។
បន្ថែមពីនេះ លោក អ៉ឹង ឌីប៉ូឡា បានចាត់ទុកផលិតកម្មរ៉ែមាស កំពុងដើរតួនាទីជាប្រភពចំណូលជាតិថ្មី ដោយគិតចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ កម្ពុជាផលិតដុំមាសបានប្រមាណ១៨តោនតាមការដ្ឋានរ៉ែដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និង ខេត្តបាត់ដំបង។
ចំណែក រ៉ែថ្មនិងខ្សាច់សំណង់ បានដើរតួយ៉ាងសំខាន់ ក្នុងការធានានិរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់ និងក្នុងតម្លៃសមរម្យរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសំណង់តូចធំនានានៅទូទាំងប្រទេស។ គិតចាប់តាំងពីការនាំចេញលើកដំបូងរហូតមកទល់នឹងពេលនេះ ចំណូលពីការនាំចេញខ្សាច់មានចំនួន ១៧៥លានដុល្លារ ខណៈការនាំចេញថ្មអាររបស់កម្ពុជាមានប្រមាណ១៣លានដុល្លារ៕