ជប៉ុន៖ យុវជនម្នាក់អាយុ ១៧ ឆ្នាំ បានបាត់បង់ជីវិត និងពីរនាក់ទៀតបានរងរបួស ក្នុងករណីចាក់សម្លាប់ដ៏រន្ធត់មួយដែលបានកើតឡើងនៅតំបន់ទិញទំនិញដ៏មមាញឹក Dotonbori ក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ Ryunosuke Kamada មកពីខេត្តណារ៉ា បានរងរបួសចាក់ចំទ្រូង និងកន្លែងផ្សេងៗទៀត ខណៈមិត្តភក្តិពីរនាក់ទៀតរងរបួសត្រង់ដងខ្លួនផ្នែកខាងលើ បន្ទាប់ពីមានជម្លោះជាមួយជនសង្ស័យដែលជាអ្នកស្គាល់គ្នា នៅជាន់ទីមួយនៃអាគារលក់អាហារមួយកន្លែង។ នេះបើតាមការចេញផ្សាយរបស់កាសែត The Straits Times។
មកដល់ថ្ងៃទី១៥ ខែកុម្ភៈនេះ កម្លាំងសមត្ថកិច្ចជប៉ុនបានចាប់ខ្លួនបុរសម្នាក់អាយុខ្ទង់ ២០ ឆ្នាំ ដែលបានរត់គេចខ្លួនពីកន្លែងកើតហេតុ ក្រោមការសង្ស័យពីបទមនុស្សឃាត និងកំពុងបន្តស៊ើបអង្កេតលម្អិតជុំវិញរឿងរ៉ាវដែលនាំឱ្យមានការឈ្លោះប្រកែកគ្នារហូតដល់ឈានដល់ការប្រើហិង្សានេះ៕