ចិន៖ មន្រ្តីបក្សកុម្មុយនិស្តចិនប្រមាណជាង ២០០០ នាក់ កាលពីល្ងាចថ្ងៃសៅរ៌បានចូលរួមក្នុងពិធីទទួលភ្ញៀវមួយនៅទីក្រុងប៉េកាំងរបស់លោកប្រធានាធិបតីចិនស៊ីជិនពីង ក្នុងជំនួបដ៏ធំឱឡារិកលោកប្រធានាធិបតី ស៊ី ជីនពីង បានផ្ញើសារជូនពរឆ្នាំថ្មីនៅពិធីទទួលភ្ញៀវមួយនៅទីក្រុងប៉េកាំង ដើម្បីស្វាគមន៍ឆ្នាំថ្មីចិនឆ្នាំសេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន CCTV បានរាយការណ៍ថានៅសាលប្រជុំប្រជាជន លោក ស៊ី ដែលក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មការយោធាកណ្តាល បានពាំនាំសារជូនពរឆ្នាំថ្មីក្នុងនាមគណៈកម្មាធិការកណ្តាលបក្ស និងក្រុមប្រឹក្សារដ្ឋ ទៅកាន់ប្រជាជនចិនទាំងអស់នៅក្នុងស្រុក និងក្រៅប្រទេស។
លោកប្រធានស៊ីបានគូសបញ្ជាក់ថាឆ្នាំពស់កន្លងទៅដែលបានបញ្ចប់ជាឆ្នាំដែលមានរឿងមិនល្អជាច្រើនបានកើតឡើង លោកថា ប្រទេសចិនបានជួបប្រទះនឹងការលំបាកជាច្រើន និងសម្រេចបានវឌ្ឍនភាពថ្មី នៅចំពោះមុខបរិយាកាសស្មុគស្មាញ និងមិនស្ថិតស្ថេរនៅក្នុងស្រុក និងក្រៅប្រទេស ដោយក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចរបស់ប្រទេសចិនបានទប់ទល់នឹងសម្ពាធ និងកំណើនប្រកបដោយចីរភាព ដោយបង្ហាញពីភាពធន់ និងភាពរស់រវើកយ៉ាងខ្លាំង។
លោក ស៊ី ក៏បានកត់សម្គាល់ពីវឌ្ឍនភាពដ៏រឹងមាំរបស់ប្រទេសចិនក្នុងវិស័យផ្សេងៗ រួមទាំងអភិបាលកិច្ចផ្អែកលើច្បាប់ កិច្ចខិតខំប្រឹងប្រែងវប្បធម៌ ការអភិរក្សបរិស្ថាន និងការការពារជាតិក្នុងរយៈពេលមួយឆ្នាំកន្លងមក។ លោក ស៊ី បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗជាច្រើន ដូចជាការគូសបញ្ជាក់ផែនការសម្រាប់រយៈពេលផែនការប្រាំឆ្នាំលើកទី ១៥ (២០២៦-២០៣០) ការរំលឹកខួបលើកទី ៨០នៃជ័យជម្នះក្នុងសង្គ្រាមតស៊ូរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក ការបង្កើតទិវាស្តារតៃវ៉ាន់ ការប្រារព្ធខួបនៃការបង្កើតតំបន់ស្វយ័តស៊ីហ្សាង និងតំបន់ស្វយ័តស៊ីនជាំងអ៊ុយហ្គឺរ និងការរៀបចំការប្រកួតកីឡាជាតិលើកទី ១៥ នៅក្វាងទុង ហុងកុង និងម៉ាកាវជាដើម។
លោក ស៊ី បានមានប្រសាសន៍ទៀតថា កិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយបានផ្តល់លទ្ធផលគួរឱ្យកត់សម្គាល់ បន្ទាប់ពីគណបក្សកុម្មុយនិស្តចិនបានអនុវត្តការគ្រប់គ្រងខ្លួនឯងយ៉ាងពេញលេញ និងម៉ឺងម៉ាត់។លោកបានសន្មតសមិទ្ធផលដ៏អស្ចារ្យទាំងនេះថាជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គណបក្សទាំងមូល និងប្រជាជនគ្រប់ក្រុមជនជាតិភាគតិចទូទាំងប្រទេស។
គួររម្លឹកថាឆ្នាំសេះ រឺ ខ្មែរយើងច្រើននិយមហៅថាឆ្នាំមមីនឹងចាប់ផ្តើមចូលជាផ្លូវការនៅថ្ងៃទី ១៧ ខែកុម្ភៈសម្រាប់ប្រទេសចិន។ លោក ស៊ី បានចាត់ទុក សេះតំណាងឱ្យភាពរឹងមាំ កម្លាំង និងភាពធន់ ដែលជានិមិត្តរូបនៃវឌ្ឍនភាពស្ថិរភាព និងវិបុលភាពយូរអង្វែង។លោក ស៊ី បានលើកទឹកចិត្តប្រជាជនចិនឱ្យរក្សាសីលធម៌ខ្ពស់ និងឆ្ពោះទៅមុខលើដំណើរថ្មីនៃទំនើបកម្មចិនក្នុងឆ្នាំសេះនេះ៕