ភ្នំពេញ៖ ការតាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា គឺជាព្រឹត្តិការណ៍សំខាន់សម្រាប់ផ្សព្វផ្សាយអត្តសញ្ញាណជាតិ បង្ហាញគុណភាព និងភាពច្នៃប្រឌិតរបស់សហគ្រាសក្នុងស្រុក ពោលគឺព្រឹត្តិការណ៍នេះជួយភ្ជាប់អ្នកផលិត អ្នកផ្គត់ផ្គង់សេវា និងភ្ញៀវទេសចរ បង្កើនឱកាសពាណិជ្ជកម្ម និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ឱ្យរីកចម្រើន។ សកម្មភាពទាំងនេះ ជាផ្នែកមួយនៃការឆ្លុះបញ្ចាំងពីការគាំទ្រផលិតផលខ្មែរ ដែលជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងអនាគតកម្ពុជា។ នេះជាប្រសាសន៍របស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងពិធីបើកសម្ពោធព្រឹត្តិការណ៍តាំងពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក ហួត ហាក់ មានប្រសាសន៍ថា ការរៀបចំពិព័រណ៍នេះនឹងផ្តល់នូវកាលានុវត្តភាពថ្មីៗបន្ថែមទៀតដល់អ្នកផ្គត់ផ្គង់ អ្នកចែកចាយក្នុងប្រទេសបានជួបអ្នកជំនាញក្នុងឧស្សាហកម្មទេសចរណ៍មានជាអាទិ៍ ក្រុមហ៊ុនផលិតម្ហូបអាហារនិងភេសជ្ជៈ ក្រុមហ៊ុនសិប្បកម្មធ្វើដោយដៃ ក្រុមហ៊ុនផលិតផលក្នុងស្រុក និងផលិតផលទូទៅដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
តាមរយៈការរៀបចំព្រឹត្តិការណ៍ដ៏ទាក់ទាញមួយនេះ លោករដ្ឋមន្រ្តីបានគូសបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសការឈានទៅរកឧស្សាហកម្មម៉ាយស៍ (MICE: Meeting, Incentive, Convention, Exhibition) ដែលនាំមកនូវជំនួបរវាងអាជីវកម្ម និងអាជីវកម្មក្នុងស្រុក, អ្នកវិនិយោគ, ម្ចាស់អាជីវកម្មមកស្វែងយល់អំពីសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងបរិយាកាសអំណោយផលនៃការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ថ្មីៗផងដែរ។
គួរបញ្ជាក់ថា ពិព័រណ៍ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជា នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយបានបង្កើតនូវបរិយាកាសមួយដ៏ល្អសម្រាប់ជំនួបផលិតករ, ប្រតិបត្តិករក្នុងស្រុកជាមួយអ្នកប្រើប្រាស់, ការបង្កើតឱកាសដល់អ្នកវិនិយោគប្រាស្រ័យទាក់ទង (Net Working) សំដៅជំរុញកំណើនអាជីវកម្ម ផលិតកម្ម និងជំរុញការប្រើប្រាស់ផលិតផលខ្មែរ៕