រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានសម្រេចហាមឃាត់ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងកម្មវិធី WhatsApp ជាផ្លូវការចាប់ពីឆ្នាំ ២០២៦ នេះតទៅនេះបើយោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រកាស លោក Dmitry Peskov បានជំរុញឲ្យពលរដ្ឋរុស្ស៊ីងាកមកប្រើប្រាស់បណ្តាញសង្គមដែលផលិតដោយរុស្ស៊ីវិញដែលមានឈ្មោះថា MAX ដែលកំពុងអភិវឌ្ឍកម្មវិធីបន្ថែមសម្រាប់ការប្រើប្រាស់របស់ប្រជាពលរដ្ឋរុស្ស៊ី។
យោងតាមការចេញផ្សាយរបស់ BBC បានរាយការណ៍ថាការហាមឃាត់នៃការប្រើប្រាស់ WhatsApp នេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនរបស់ហ្វេសប៊ុក Meta មិនមានឆន្ទៈក្នុងការអនុវត្តតាមបទដ្ឋាន និងលិខិតច្បាប់របស់រុស្ស៊ី។ លោក Dmitry Peskov បញ្ជាក់ទៀតថា Meta អាចបន្តប្រតិបត្តិការឡើងវិញ ប្រសិនបើអនុវត្តតាមច្បាប់ លិខិតច្បាប់របស់រុស្ស៊ី។
រុស្ស៊ីបានអះអាងថា ទាំង WhatsApp និង Telegram បានបដិសេធមិនរក្សាទុកទិន្នន័យអ្នកប្រើប្រាស់រុស្ស៊ីនៅក្នុងប្រទេសដូចដែលច្បាប់តម្រូវ។ អាជ្ញាធរនៅទីក្រុងមូស្គូក៏បានចោទប្រកាន់ផងដែរថា WhatsApp គឺជាសេវាកម្មសំខាន់មួយដែលត្រូវបានប្រើដើម្បីបោកប្រាស់ និងជំរិតទារប្រាក់ពីជនជាតិរុស្ស៊ីដែលនេះជាហេតុផលដែលរុស្ស៊ីប្រាប់ និងជំរុញឲ្យពលរដ្ឋប្រើប្រាស់ប្រព័ន្ធទំនាកទំនង MAX ជំនួន WhatsApp និង Telegram ។
យ៉ាងណាមិញអ្នករិះគន់បានចោទប្រកាន់ថាកម្មវិធី Max អាចត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើលដោយអាជ្ញាធររុស្ស៊ី ទោះបីជាប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបដិសេធរឿងនោះក៏ដោយ។ កម្មវិធី Max ឥឡូវនេះកំពុងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេសរុស្ស៊ី តាមរយៈការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ និងផ្ទាំងប៉ាណូ ដោយមន្ត្រីមូលដ្ឋាន និងដោយប្រព័ន្ធផ្សព្វផ្សាយ៕