ភ្នំពេញ៖ គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា (តេជោ - សៀមរាបអង្គរ - ព្រះសីហនុ/ KTI – SAI - KOS) មានជើងហោះហើរចេញ-ចូល (ទ្វេទិស) សរុបជាមធ្យមមានចំនួន ១,៤៦៨ ជើង/សប្តាហ៍។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
បើតាមរបាយការណ៍ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលបានជើងហោះហើរ (ទ្វេទិស) ចំនួន ៩៩៤ ជើង/ សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ៣៩៦ ជើង/ សប្តាហ៍ (ទ្វេទិស), អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៧៤ ជើង/ សប្តាហ៍ (ទ្វេទិស) ខណៈអាកាសយានដ្ឋានតារាសាគរ ជាជើងហោះហើរក្នុងស្រុក រវាង KTI ⇄ DSY ទទួលបានជើងហោះហើរចំនួន ៤ ជើង/ សប្តាហ៍ (ទ្វេទិស)។
ក្នុងនោះដែរ ជើងហោះហើររវាង កម្ពុជា ⇄ ថៃ មានចំនួន ២៧០ ជើង/ សប្តាហ៍ (ទ្វេទិស) ហើយមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១០ ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការហោះហើរ (ក្រុមហ៊ុនអាកាសចរណ៍ជាតិ ៣ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ៧ (ថៃ ៥)។ ក្នុងនោះ ជើងហោះហើររវាង ភ្នំពេញ ⇄ បាងកក មានចំនួន ១៥២ ជើង/ សប្តាហ៍ (ទ្វេទិស) រាប់បញ្ជូលជើងហោះហើរដឹកជញ្ជូនទំនិញ ១០ ជើង/ សប្តាហ៍ (ទ្វេទិស), ជើងហោះហើររវាង សៀមរាប ⇄ បាងកក + ភូតកេត មានចំនួន ១១៨ ជើង/ សប្តាហ៍ (ទ្វេទិស)។
គួរបញ្ជាក់ថា កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ ក្រុមហ៊ុន (ក្រុមហ៊ុនជាតិ ៤ និងអន្តរជាតិ ៣២) និងកំពុងតភ្ជាប់ជើងហោះហើរជាមួយ ១៧ ប្រទេស និង ៤៦ ទីក្រុង។ ក្នុងចំណោម ១៧ ប្រទេសនោះ អាកាសចរណ៍កម្ពុជា បានតភ្ជាប់ទៅកាន់ ៨ ប្រទេសក្នុងតំបន់អាស៊ាន (លើកលែង ប្រទេសព្រុយណេ និងទីម័រខាងកើត) រីឯប្រទេសក្រៅតំបន់អាស៊ានរួមមាន ប្រទេសចិន កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ ឥណ្ឌា កាតា អេមីរ៉ាតអារ៉ាប់រួម ជប៉ុន និងតួកគី៕