681 ezgif.com resize
Swift cc time

កម្ពុជាប្រមូលចំណូលពន្ធបានជាង ៣ ពាន់លានដុល្លារ កើនឡើង ២១% ក្នុងឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ ការប្រមូលចំណូលពន្ធនិងអាករ មានចំនួន ១២ ៧៦០,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៣ ១៨១,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ២១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤ និងត្រូវជាប្រមាណ ១២៤,៥% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (លើសផែនការជាង ២៤%)។ នេះបើតាមការបញ្ជាក់របស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

បើតាមរបាយការណ៍ លទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងឆ្នាំ២០២៥ រួមមាន ការប្រមូលចំណូលពន្ធនិងអាករចំនួន ១២ ៧៦០,៥ ប៊ីលានរៀល (ស្មើនឹងប្រមាណ ៣ ១៨១,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ២១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤ និងត្រូវជាប្រមាណ ១២៤,៥% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ កត្តាសំខាន់ដែលចូលរួមដល់កំណើននៃចំណូលប្រមូលបានក្នុងឆ្នាំ២០២៥ គឺការកើនឡើងនៃការនាំចូលក្រុមទំនិញយានយន្ត និងគ្រឿងចក្រ ដែលជាចំណូលមានកំណើន ៤៤% និងក្រុមទំនិញចម្រុះ ដែលជាចំណូលមានកំណើន ១៦%។

បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប អាករលើតម្លៃបន្ថែមមានប្រមាណ ៤០,៥%, អាករពិសេសមានប្រមាណ ៣៥,៥%, ពន្ធគយមានប្រមាណ ១៥,៧%, អាករបន្ថែមលើផលិតផលប្រេងកាតមានប្រមាណ ៣,៦%, និងអាករនាំចេញនិងកម្រៃផ្សេងៗមានប្រមាណ ៤,៨%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប ក្រុមទំនិញយានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៦,៨%, ក្រុមទំនិញចម្រុះមានប្រមាណ ៣២,៦%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ២២,៧%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៩%។

ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ៣៣ ៨៨២,២ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨,៧% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា, យានយន្តនិងគ្រឿងចក្រ, វត្ថុធាតុដើមវាយនភ័ណ្ឌ, វត្ថុធាតុដើមកម្មន្តសាល, គ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ, គ្រឿងសំណង់, សារធាតុគីមី, គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។

ទំហំពាណិជ្ជកម្មនាំចេញមានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះ ផលិតផលវិនិយោគកាត់ដេរមានកំណើន ១៦,៤%, ផលិតផលវិនិយោគមិនមែនកាត់ដេរ (មានជាអាទិ៍ សំបកកង់រថយន្ត, គ្រឿងបំណែកអេឡិចត្រូនិក, បង្គុំខ្សែភ្លើង, ផលិតផលពីឈើ, អំពូល, កង់, ផលិតផលប្លាស្ទិក, ឧបករណ៍និងម៉ាស៊ីនវីដេអូហ្គេម, ស្បែកសត្វ, គ្រឿងសង្ហារិម, គ្រឿងបន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២០,១%, និងកសិផល (មានជាអាទិ៍ ស្រូវ, គ្រាប់ស្វាយចន្ទី, កៅស៊ូ, ដំឡូង, អង្ករ និងកសិផលផ្សេងៗទៀត) ថយចុះ ៤,៤%៕


Khcct banner

អត្ថបទទាក់ទង