681 ezgif.com resize
Swift cc time

អនុទីន៖ ប្រទេសថៃគឺជា«ដែនដីនៃឱកាស»មិនមែន«អ្នកជំងឺ»នៅអាស៊ីដូចគេផ្សាយនោះទេ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
នាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆានវីរៈគុល 

ថៃ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆានវីរៈគុល បានបដិសេធការចុះផ្សាយដោយសារព័ត៌មាន Financial Times របស់ចក្រភពអង់គ្លេសថាថៃជា«អ្នកជំងឺនៅអាស៊ី» អនុទីនឆ្លើយតបវិញច្បាស់ថាៗប្រទេសថៃគឺជា «ដែនដីនៃឱកាស» ដោយលោកបានលើកឡើងពីស្ថិរភាពអាស៊ាន និងជំហរភូមិសាស្ត្រនយោបាយរបស់ប្រទេសថៃ។ មេដឹកនាំគណបក្សភូមិជៃថៃ និងជានាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆានវីរៈគុល បានប្រាប់ក្រុមអ្នកកាសែតនៅពេលសួរអំពីការចេញផ្សាយថាប្រទេសថៃគឺជាអ្នកជំងឺនៅអាស៊ី អនុទីនបានបញ្ជាក់ថា ប្រទេសថៃគួរតែត្រូវបានហៅថា «ដែនដីនៃឱកាស» ជាជាង «អ្នកជំងឺអាស៊ី»។

ការបញ្ជាក់របស់អនុទីននេះធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Financial Times របស់ចក្រភពអង់គ្លេសចុះផ្សាយចំៗ កាលពីថ្ងៃទី៤ ខែកុម្ភៈថាប្រទេសថៃដែលធ្លាប់តែជា «ខ្លាសេដ្ឋកិច្ច» មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រឈមមុខនឹងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ រហូតត្រូវបានគេប្រសិទ្ធនាមថ្មីថាជា «អ្នកជំងឺនៅអាស៊ី» (Sick Man of Asia)។ ស្ថានភាពប្រទេសថៃដែលធ្លាប់គ្រងជាប្រទេសសេដ្ឋកិច្ចធំទីពីរក្នុងតំបន់ បានធ្លាក់ចូលក្នុងសភាព«ស្លាប់មួយចំហៀងខ្លួន» លើសសរស្តម្ភសំខាន់ៗចំនួនបីគឺ ការប្រើប្រាស់ក្នុងស្រុក(អំណាចនៃការទិញរបស់ពលរដ្ឋ) វិស័យផលិតកម្ម និងទេសចរណ៍។

ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាល អនុទីន បាននិយាយថា ឈ្មោះអ្នកជំងឺនៅអាស៊ីនេះអាចឆ្លុះបញ្ចាំងពីភាពលំអៀងនៃការចុះផ្សាយ។ លោកអះអាងថាប្រទេសថៃមិនដូចអ្វីដែលត្រូវបានគេផ្សាយនោះទេ ជាពិសេសឥឡូវនេះដែលយើងមានរដ្ឋាភិបាលដែលមានស្ថិរភាពជាងមុន យើងនឹងអាចអនុវត្តគោលនយោបាយដែលធ្វើអោយប្រសើរឡើងនូវសេដ្ឋកិច្ចឡើងវិញ។

សម្រាប់លោក អនុទីន នៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែង គូប្រជែងផ្សេងទៀតនឹងព្យាយាមរកវិធីដើម្បីបំផ្លាញប្រទេសថៃ ដើម្បីឱ្យពួកគេអាចទទួលបានអត្ថប្រយោជន៍។ ប៉ុន្តែប្រទេសថៃនឹងមិនឆ្លើយតបដោយប្រើវិធីសាស្រ្តបែបនេះទេ ពីព្រោះវប្បធម៌ថៃ និងចរិតលក្ខណៈជាមូលដ្ឋានរបស់ថៃគឺស្រឡាញ់សន្តិភាព និងមិនឈ្លានពានគេ។ លោកបញ្ជាក់ទៀតថាប្រសិនបើនរណាម្នាក់វាយប្រហារយើង យើងនឹងឆ្លើយតប និងបង្រៀនពួកគេនូវមេរៀនដែលពួកគេនឹងមិនភ្លេចឡើយ៕

Khcct banner

អត្ថបទទាក់ទង