តូក្យូ៖ អាជ្ញាធរជប៉ុនបានប្រកាសនៅព្រឹកថ្ងៃសុក្រទី ១៣ ខែ កុម្ភៈនេះថា អាជ្ញាធរជប៉ុនបានរឹបអូសទូកនេសាទចិនមួយគ្រឿង និងចាប់ខ្លួនប្រធានក្រុមនៅលើទូក ដោយការចាប់ខ្លួនប្រធានក្រុមទូកនេសាទរបស់ចិននេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរជប៉ុនបានបញ្ជាឱ្យទូកនេសាទរបស់ចិនធ្វើការឈប់សម្រាប់ការត្រួតពិនិត្យដោយមន្រ្តីរបស់ជប៉ុន ប៉ុន្តែទូកនេសាទចិនមិនបានគោរពតាម ហើយបានរត់គេចខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរជប៉ុនដដែល ហេតុការណ៍នេះបានកើតឡើង នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុននៅឯនាយសមុទ្រខេត្ត ណាហ្គាសាគី ចម្ងាយ ១៦៥ គីឡូម៉ែត្រភាគនិរតីនៃកោះ Meshima។
ផ្អែកតាមសេចក្តីថ្លែងការណ៍របស់ជប៉ុនដដែលប្រធានក្រុមនៃទូកនេសាទត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល ១២:២៣ រសៀលកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីទូកនេសាទចិនបានចូលទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសជប៉ុននៅឯឆ្នេរសមុទ្រខេត្តណាហ្គាសាគី ហើយបានព្យាយាមរត់គេចខ្លួនដើម្បីគេចវេះការសួរចម្លើយ។ទីភ្នាក់ងារជប៉ុនបានអះអាងទៀតថា ការរឹបអូសនេះគឺជាការរឹបអូសលើកដំបូងរបស់ទូកនេសាទចិនចាប់តាំងពីឆ្នាំ ២០២២ មកម្លេះ។
យ៉ាងណាមិញក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
គួររម្លឹកថាការចាប់ខ្លួននេះបានកើតឡើងម្តងទៀត ខណៈដែលទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូឈានមកដល់កម្រិតបន្ទាត់ក្រហម បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi កាលពីខែវិច្ឆិកាបានធ្លោយមាត់និយាយថាការឈ្លានពានរបស់ចិនដោយកម្លាំងលើតៃវ៉ាន់អាចជាការគំរាមកំហែងដល់ប្រទេសជប៉ុន ហើយលោកស្រីបានព្រមានថាជប៉ុនអាចនឹងអន្តរាគមន៍យោធាលើបញ្ហាកោះតៃវ៉ាន់៕