សឹង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរី នៅថ្ងៃ ១២កុម្ភៈនេះ បានសម្រេចដំឡើងពន្ធអាករ ចំនួន ២០% បន្ថែមទៀតលើគ្រប់ផលិតផលថ្នាំជក់ទាំងអស់ ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ក្នុងប្រទេស។ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការគ្រប់គ្រងការប្រើប្រាស់ថ្នាំជក់ក៏ដោយ ក៏កម្រិតនៃការប្រើប្រាស់នៅតែជាក្តីបារម្ភចំពោះសុខភាពសាធារណៈពលរដ្ឋសឹង្ហបុរី ហើយការដំឡើងពន្ធនាពេលកន្លងមក ដូចជាការដំឡើង ១៥% ក្នុងឆ្នាំ ២០២៣ ហាក់ដូចជានៅមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការកាត់បន្ថយចំនួនអ្នកជក់បារីនៅឡើយ។នេះបើតាមការចេញផ្សាយរបស់កាសែតThe Straits Times។
ការដំឡើងពន្ធក្នុងឆ្នាំ២០២៣ត្រូវបានគេបង្ហាញថា បានបង្កើតចំណូលបន្ថែមជូនរដ្ឋប្រហែល ១០០ លានដុល្លារក្នុងមួយឆ្នាំ។លើយោងតាមតួលេខពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ បង្ហាញថា ចំណូលដែលប្រមូលបានពីពន្ធថ្នាំជក់បានកើនឡើងលើសពី ១ ពាន់លានដុល្លារ។ ក្នុងឆ្នាំ ២០២៤ រដ្ឋប្រមូលបាន១,១១ ពាន់លានដុល្លារ។ ក្នុងឆ្នាំ ២០២៣ ចំនួន ១,០២ ពាន់លានដុល្លារ និងក្នុងឆ្នាំ ២០២២ ចំនួន ១,១១ ពាន់លានដុល្លារ។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ប្រទេសសឹង្ហបុរី លោក Lawrence Wong បានប្រកាសដាក់ឱ្យអនុវត្តវិធានការពន្ធអាករថ្មីនេះ ក្នុងអំឡុងពេលថ្លែងសុន្ទរកថាពីកញ្ចប់ថវិកាជាតិសឹង្ហបុរី និង ត្រូវចាប់ផ្តើមអនុវត្តភ្លាមៗ ចាប់ពីថ្ងៃទី ១២ ខែកុម្ភៈ នេះតទៅ៕