681 ezgif.com resize
Swift cc time

នាយិកាសាលាម្នាក់បានស្លាប់ ក្នុង«ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយ»នៅប្រទេសថៃ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ តាមបណ្ដាញសង្គមថៃ នៅថ្ងៃ១២ កុម្ភៈនេះ បានឱ្យដឹងថា មាន«ហេតុការណ៍បាញ់ប្រហារដ៏រន្ធត់មួយ»នៅក្នុងស្រុក Hat Yai ខេត្ត Songkhla ប្រទេសថៃ ដោយ នាយិកាសាលា Patong Prathan Khiriwat គឺ លោកស្រី Sasinphat Sinsomoson បានទទួលមរណភាព កាលពីវេលាម៉ោង ៣ ព្រឹកមិញនេះ ក្រោយពីបានស្ម័គ្រចិត្តធ្វើជាចំណាប់ខ្មាំងជំនួសសិស្សរបស់ខ្លួន រហូតដល់រូបលោកស្រីត្រូវរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងបន្ទប់ ICU។ តាមការបញ្ជាក់ ការស្លាប់នេះកើតឡើងក្រោយពេលដែលមានយុវជនវ័យ ១៨ ឆ្នាំម្នាក់ បានសម្រុកចូលទៅក្នុងសាលារៀន រួចបានបាញ់បោះ និងចាប់សិស្សានុសិស្សធ្វើជាចំណាប់ខ្មាំង កាលពីរសៀលថ្ងៃពុធ ម្សិលមិញនេះ។

តាមសារព័ត៌មាន Thai Enquirer យុវជនសង្ស័យរូបនោះត្រូវបានគេរាយការណ៍ថា បានបើកការបាញ់ប្រហារនៅខាងក្នុងសាលា ដែលបង្កឱ្យមានការឡោមព័ទ្ធ និងប្រឈមមុខដាក់គ្នាជាមួយកម្លាំងសមត្ថកិច្ចយ៉ាងតានតឹងអស់រយៈពេលជាច្រើនម៉ោង។

តាមព័ត៌មានពីសមត្ថកិច្ច សិស្សានុសិស្សទាំងអស់ត្រូវបានជួយសង្គ្រោះឱ្យមានសុវត្ថិភាព ប៉ុន្តែនាយិកាបានទទួលមរណភាពហើយ ដោយសាររបួសធ្ងន់ធ្ងរពេក។ ជាចុងក្រោយ សិស្សនុសិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលា Patong Prathan Khiriwat បានបង្ហាញការសោកស្តាយ និងគោរពដឹងគុណចំពោះវីរភាពដ៏ខ្ពង់ខ្ពស់បំផុតចំពោះនាយិកាសាលារូបនេះ។

មកទល់ពេលនេះ សមត្ថកិច្ចថៃកំពុងធ្វើការស៊ើបអង្កេតបន្ថែមទាក់ទងនឹងករណីដ៏រន្ធត់នេះ។

Khcct banner

អត្ថបទទាក់ទង