ភ្នំពេញ៖ ក្រសួងបរិស្ថានកម្ពុជា នៅថ្ងៃទី ១១ កុម្ភៈនេះ បានចេញសេចក្តីប្រកាសព័ត៌មានពន្យ់ពីការប្រែប្រួល និងធ្លាក់ចុះនៃ« គុណភាពខ្យល់នៅកម្ពុជា» នៅតាមតំបន់ខ្លះប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសនោះទេ។ការធ្លាក់ចុះគុណភាពខ្យល់នៅកន្លែងទាំងនោះ មានរយៈពេលខ្លីហើយត្រឡប់មកល្អធម្មតាវិញ និង មិនទាន់មានការប្រកាសអាសន្ននៅឡើយ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា នៅរាជធានីភ្នំពេញ គិតចាប់ពីម៉ោង១ ទៀបភ្លឺ រហូតដល់ម៉ោង១០ ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ «គុណភាពខ្យល់»មានការប្រែប្រួលខ្លាំង ដោយក្នុងនោះ កំហាប់ភាគល្អិតនិចល កើតមានចន្លោះពី ៣០ មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់ (µg/m3) ទៅ ១០០µg/m3 ប៉ុន្តែមានតែចំណុចក្នុងភូមិសាស្រ្តក្បែរ តំបន់វត្តឧណ្ណាលោម រាជធានីភ្នំពេញ នាវេលាម៉ោង៨ព្រឹក ប៉ុណ្ណោះដែលកំហាប់ភាល្អិតមានការកើនឡើង ហើយបានធ្លាក់ចុះយ៉ាងឆាប់មកជាល្អធម្មតាវិញ។
ដូចគ្នាដែរ នៅតាមបណ្តាខេត្ត មានការសំគាល់ពីការប្រែប្រួលគុណភាពខ្យល់នៅកន្លែងខ្លះ ប៉ុន្តែមិនមានន័យថា នៅទូទាំងខេត្តនោះទេ ហើយការប្រែប្រួលនោះទៀតសោត គឺនៅកន្លែងដែលអាចមានការឆេះ និង ការដុតជាដើម។នេះបើយោងតាមលោក ខ្វៃ អាទិត្យា។
អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យសាធារណជន តាមដានព័ត៌មានស្តីពីគុណភាពខ្យល់ ជាផ្លូវការរបស់ក្រសួងបានចេញផ្សាយ និង កម្មវិធីទូរស័ព្ទដៃ ដោយមាន ព័ត៌មានគុណភាពខ្យល់ មានផ្សាយតាមបណ្តាយផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន: និងបណ្តាញផ្សព្វផ្សាយមួយចំនួនថែមទៀត។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន បាននិងកំពុងចាត់វិធានការទប់ស្កាត់ការបំពុលខ្យល់ ដោយធ្វើការផ្សព្វផ្សាយជាប្រចាំ និងអនុវត្តវិធានការទប់ស្កាត់ការបំពុល រួមមានការកាប់រុករានដី ឆ្ការដុតព្រៃ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង និងសំរាមសំណល់ប្លាស្ទិកជាដើម៕