កូឡុំប៊ី៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro (ហ្គូស្តាវ៉ូ ពេត្រូ) បានប្រកាលពីថ្ងៃអង្គារថា លោកបានរួចផុតពីការប៉ុនប៉ងធ្វើឃាតកាលពីប៉ុន្មានម៉ោងមុននេះ លោកថាកាលពីយប់ថ្ងៃចន្ទ ឧទ្ធម្ភាគចក្ររបស់លោកមិនអាចចុះចតនៅគោលដៅតាមការគ្រោងទុករបស់លោកបានឡើយបន្ទាប់ពីលោកបានទទួលដំណឹងពីក្រុមចារកម្មថាមានគេកំពុងតែលាក់ខ្លួនចាំធ្វើឃាតរូបលោក។ ការតាមប្រមាញ់ជីវិតរបស់លោកហ្គូស្តាវ៉ូ ពេត្រូ ធ្វើឡើងតែប៉ុន្មានសប្តាហ៍បន្ទាប់ពីមានភាពផ្សះផ្សាគ្នាឡើងវិញរវាងលោក និងប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ ដែលចោទប្រទេសកូឡុំប៊ីថាមានមេដឹកនាំដឹកដោយមនុស្សឈឺ និងជាប្រទេសដែលចូលចិត្តផលិតកូកាអ៊ីន ហើយលក់វាទៅឱ្យសហរដ្ឋអាម៉េរិក។
លោក ហ្គូស្តាវ៉ូ ពេត្រូ បានប្រកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីមួយដែលត្រូវបានផ្សាយផ្ទាល់ថាលោកមិនអាចចុះចតនៅគោលដៅមួយនៅលើឆ្នេរសមុទ្រការ៉ាប៊ីនរបស់ប្រទេសកូឡុំប៊ីកាលពីថ្ងៃមុនបានទេ ដោយសារតែការភ័យខ្លាចថាមនុស្សដែលមិនបានបញ្ជាក់ឈ្មោះនឹងបាញ់ប្រហារលោក។ លោកបញ្ជាក់ទៀតថាយប់មិញ ខ្ញុំមិនអាចចុះចតបានទេ ព្រោះខ្ញុំត្រូវបានគេជូនដំណឹងថា ឃាតករនឹងបាញ់ឧទ្ធម្ភាគចក្រដែលខ្ញុំកំពុងធ្វើដំណើរជាមួយកូនស្រីរបស់ខ្ញុំ។ លោកថាភ្លាមៗលោកត្រូវបានផ្លាស់ប្តូរកន្លែងចុះចតភ្លាមៗដើម្បីសុវត្ថិភាពលោក និងកូនស្រីរបស់លោក។
គួរបញ្ជាក់ថាលោក ហ្គូស្តាវ៉ូ ពេត្រូ ត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ (ច្បាប់ក្នុងប្រទេស)មិនឱ្យឈរឈ្មោះជាប្រធានាធិបតីអាណត្តិទីពីរបានឡើយដោយអនុញ្ញាតឲ្យជាប់បានតែមួយអាណត្តិតែប៉ុណ្ណោះ។ ប្រទេសកូឡុំប៊ីមានបញ្ជីឈ្មោះមេដឹកនាំឆ្វេងនិយមជាច្រើន រួមទាំងបេក្ខជនប្រធានាធិបតី ដែលត្រូវបានគេធ្វើឃាតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ លោក ហ្គូស្តាវ៉ូ ពេត្រូ ដែលជាប្រធានាធិបតីឆ្វេងនិយមដំបូងគេរបស់ប្រទេសអាម៉េរិកខាងត្បូងមួយនេះ ក៏ធ្លាប់ត្រូវបានគេលួចធ្វើឃាតជាច្រើនសារមកដែរ។