កំពង់ស្ពឺ៖ ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែងនិងបានបង្រ្កាបករណីលួចបោះបង្គោលរបងហ៊ុមព័ទ្ធ លើដីរដ្ឋ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ(គិរីរម្យ) ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ការបង្ក្រាបខាងលើនោះ ក្រុមមន្រ្តីជំនាញបានដកហូតវត្ថុតាងរួមមាន លួសសំណាញ់ចំនួន៨ដុំ ស៊ីម៉ងត៍ចំនួន១៣បេ ធុងទឹកចំណុះ៥០០០ លីត្រចំនួន១ កាមេរ៉ាចំនួន៤គ្រាប់ សូឡាចំនួន៣ផ្ទាំង និងដែក៣០គុណនិង៣០គុណ២ម៉ែត្រ១៣២ដើម ដែក៧៥ គុណនិង៧៥ គុណនិង២ ម៉ែត្រចំនួន៦៦ដើម ដែក៣០គុណ និង៣០គុណនិង៦ម៉ែត្រ ១៥០ដើម ដែក៧៥គុណនឹង៧៥ គុណនិង៦ម៉ែត្រចំនួន៣ដើម ដែកសរសៃ១០លី ចំនួន៤៥ ដើម ។វត្ថុចាប់យកទាំងអស់នេះ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្ស ដឹកទៅរក្សាទុកនៅស្នាក់ការលើភ្នំ និងកំពុងបន្តស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា បុគ្គលប្រព្រឹត្តល្មើសក្នុងករណីខាងលើនេះ នឹងត្រូវចោទតាមមាត្រា៨៥០ ចំណុច «ង» ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធ នឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមានចែងក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ៕