ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ២០៩ លានដុល្លារ ធ្លាក់ចុះ ៤៣.៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ការធ្លាក់ចុះនេះ គឺបណ្ដាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីចុងខែកក្កដា ឆ្នាំ២០២៥ ដែលបង្កឡើងដោយក្រុមយោធាថៃ ហើយប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់បម្រាមមិនឱ្យនាំចូលទំនិញមួយចំនួន ពីថៃមកកម្ពុជា ដូចជា បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ។
បើតាមរបាយការណ៍ ក្នុងខែមករាកន្លងទៅនេះ កម្ពុជាសម្រេចការនាំចេញទៅថៃ ក្នុងទឹកប្រាក់ប្រមាណ ៥៨ លានដុល្លារ ធ្លាក់ចុះ ១៩.៦% កើនឡើង ៥៩.៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលពីថៃវិញក្នុងទឹកប្រាក់ប្រមាណ ១៥១ លានដុល្លារ ធ្លាក់ចុះជិត ៥០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
គួរបញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ប្រមាណ ៦ពាន់លានដុល្លារ កើនឡើង ១៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងនោះកម្ពុជាសម្រេចការនាំចេញក្នុងទឹកប្រាក់ជិត ៣ពាន់លានដុល្លារ កើនឡើង ២៦.៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ៣.១ ពាន់លានដុល្លារ កើនឡើង ១២.៨% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ប្រទេសដែលធ្វើការនាំចេញ នាំចូលជាមួយកម្ពុជាច្រើនជាងគេគឺ ចិន បន្ទាប់មកមានដូចជា អាម៉េរិក វៀតណាម ជប៉ុន។ល។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕