កាណាដា៖ មានយ៉ាងហោចណាស់មានមនុស្សប្រាំបួននាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយកន្លែងកាលពីរសៀលថ្ងៃអង្គារនៅក្នុងតំបន់ Peace នៃខេត្ត British Columbia ដែលក្នុងនោះជនសង្ស័យបាញ់ប្រហារក៏បានស្លាប់នៅកន្លែងកើតហេតុដូចគ្នា។ ប៉ូលីសក្នុងតំបន់បានអះអាងថាជនរងគ្រោះជាច្រើននាក់ត្រូវបានបញ្ជូនទៅកន្លែងសង្រ្គោះបន្ទាន់បន្ទាប់ពីការបាញ់ប្រហារនៅសាលាមធ្យមសិក្សា Tumbler Ridge ជាកន្លែងដែលសិស្សថ្នាក់ទី ៧ ដល់ទី ១២ ចូលរៀន ។
ប៉ូលីសនៅតំបន់ Tumbler Ridge បានចេញសេចក្តីជូនដំណឹងបន្ទាន់នៅរសៀលថ្ងៃអង្គារជូនពលរដ្ឋក្នុងតំបន់រងគ្រោះរក្សាការប្រុងប្រយ័ត្នក្រោយពីមានអ្នកបាញ់ប្រហារសកម្មម្នាក់បានបើកការបាញ់ប្រហារយ៉ាងកំរោលលើសិស្សសាលា។ ប៉ូលីសបានអះអាងទៀតថានៅពេលដែលមន្ត្រីចូលទៅក្នុងសាលារៀនកន្លែងកើតហេតុកខាងលើនៅរសៀលថ្ងៃអង្គារ ពួកគេបានឃើញមានជនរងគ្រោះចំនួនប្រាំមួយនាក់ស្លាប់។ ជនរងគ្រោះពីរនាក់ទៀតត្រូវបានគេរកឃើញនៅទីតាំងមួយផ្សេងទៀត ខណៈដែលជនរងគ្រោះម្នាក់ទៀតបានស្លាប់នៅតាមផ្លូវទៅមន្ទីរពេទ្យ។ ឃាតករដែលអ្នកបាញ់ប្រហារក៏ត្រូវបានគេរកឃើញថាស្លាប់ ទំនងជាការបាញ់សម្លាប់ខ្លួនឯង។
ភ្លាមៗប៉ូលីសនៅមិនទាន់ដឹងមូលហេតុនៃការបាញ់ប្រហារដ៏សាហាវមួយនេះឡើយ ប៉ូលីសក្នុងតំបន់កំពុងតែបន្តស៊ើប និងស្វែងរកអ្នកដែលពាក់ព័ន្ធ និងមូលហេតុនៃការបាញ់ប្រហារមួយនេះ៕