ភ្នំពេញ៖ ប្រទេសចិន បន្តតំណែងជាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ពោលក្នុងខែមករា ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានក្នុងទឹកប្រាក់ប្រមាណជិត២ពាន់លានដុល្លារ កើនឡើង ២២.៥% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ ក្នុងខែមករាកន្លងទៅនេះ កម្ពុជាសម្រេចការនាំចេញទៅចិនក្នុងទឹកប្រាក់ប្រមាណ ១៦៤ លានដុល្លារ កើនឡើង ៥៩.៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលពីចិនវិញក្នុងទឹកប្រាក់ប្រមាណ ១,៧ ពាន់លានដុល្លារ កើនឡើងជិត ២០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម៕