លីបង់៖ ចំនួនអ្នកស្លាប់ដោយសារការដួលរលំអគារអាផាតមិននៅភាគខាងជើងទីក្រុងទ្រីប៉ូលី ប្រទេសលីបង់កាលពីថ្ងៃអាទិត្យបានកើនឡើងដល់យ៉ាងហោចណាស់ ១៤ នាក់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់កំពុងស្វែងរកអ្នកនៅរស់រានមានជីវិតដែលបន្តកប់ក្នុងអគារដែលបានបាក់រលំក្នុងសង្កាត់បាប តាបបានេ ដែលជាតំបន់មួយក្នុងចំណោមតំបន់ក្រីក្របំផុតនៅក្នុងទីក្រុងធំទីពីររបស់ប្រទេសលីបង់ ជាកន្លែងដែលប្រជាជនបានត្អូញត្អែរជាយូរមកហើយអំពីការធ្វេសប្រហែសរបស់រដ្ឋាភិបាល និងហេដ្ឋារចនាសម្ព័ន្ធមិនល្អ សំណង់ចាស់ៗជាច្រើន។
ក្រសួងសុខាភិបាលសាធារណៈលីបង់បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយធានាថាខ្លួននឹងរ៉ាប់រងទាំងស្រុងនូវការចំណាយលើការព្យាបាលអ្នកដែលរងរបួសនៅក្នុងការដួលរលំ។ លោក Abdel Hamid Karimeh អភិបាលក្រុងទ្រីប៉ូលីបានបញ្ជាក់ទៀតថា មានអគារចំនួន ១០៥ នៅក្នុងទីក្រុងដែលប្រឈមនឹងហានិភ័យនៃការដួលរលំ។ រដ្ឋាភិបាលលីបង់បានសន្យាថានឹងផ្តល់មូលនិធិសម្រាប់ការជួសជុល និងការពង្រឹងអគារទាំងនេះ។
សមាគមជាតិសម្រាប់ម្ចាស់អចលនទ្រព្យប្រចាំតំបន់រងគ្រោះបានចាត់ទុកការដួលរលំនេះថាជាលទ្ធផលនៃ "ការធ្វេសប្រហែសជាក់ស្តែង និងចំណុចខ្វះខាតរបស់រដ្ឋាភិបាលលីបង់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសន្តិសុខលំនៅដ្ឋានរបស់ប្រជាជន សមាគមបានអំពាវនាវឱ្យរដ្ឋាភិបាលចាប់ផ្តើមការស្ទង់មតិជាតិឡើងវិញលើអគារដែលមានហានិភ័យនៃការដួលរលំ និងចាត់វិធានការជាបន្ទាន់ចៀសវាងមានរឿងបែបនេះកើតឡើងទៀត៕