681 ezgif.com resize
Swift cc time

កម្ពុជាទទួលបាន គម្រោង«ផលិតអគ្គិសនីដើរដោយថាមពលខ្យល់»ជាលើកដំបូងរបស់ខ្លួននៅដើមឆ្នាំ២០២៦នេះ ដែលមានអានុភាព១៥០មេហ្គាវ៉ាត់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នៅក្នុងខែមករា ដើមឆ្នាំ២០២៦នេះ ប្រទេសកម្ពុជា ទទួលបានគម្រោង វិនិយោគចំនួន ៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្នុងចំណោមគម្រោងទាំង៤៣នោះ គឺមានគម្រោងលេចធ្លោប្រចាំខែមករា គឺគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់នេះ មានទីតាំងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ភាគឦសាននៃប្រទេសកម្ពុជា។ គម្រោងនេះ មានអានុភាព ១៥០ មេហ្គាវ៉ាត់ ក្នុងទុនវិនិយោគប្រមាណ២០០លានដុល្លារអាម៉េរិក ហើយអាចបង្កើតឱកាសទីផ្សារការងារដល់ប្រជាជនកម្ពុជាក្នុងតំបន់នោះប្រមាណ ៤២ កន្លែង។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលប្រទេសកម្ពុជាទទួលបានគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់។គម្រោងនេះ គឺសំខាន់ខ្លាំងណាស់ ដែលជាចំណែកមួយនៃការដាក់ថាមពលស្អាត នៅក្នុងពិភពលោក ហើយការដំឡើងថាមពលដើរដោយខ្យល់នៅកម្ពុជា គឺដើម្បីជួយរុញថាមពលស្អាត និង ថាមពលកកើតឡើងវិញ សម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ធ្លាប់បានលើកឡើងថា ការរើសយកខេត្តមណ្ឌលគិរីជាទីតាំងវិនិយោគដំបូងគេ គឹដោយសារខេត្តនេះ មានខ្យល់ច្រើនជាងគេ ទើបរាជរដ្ឋាភិបាលសម្រេចដាក់គម្រោងបង្កើតថាមពលអគ្គិសនីដោយកម្លាំងខ្យល់ក្នុងខេត្តនេះមុនគេ ហើយនឹងសិក្សាខេត្តផ្សេងៗទៀតរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង