ចិន៖ ក្រសួងសន្តិសុខសាធារណៈរបស់ចិន នៅថ្ងៃ០៩ កុម្ភៈ បានប្រកាសថា ខ្លួនបានចុះបង្ក្រាប និងបំផ្លាញជម្រកក្រុមឆបោកតាមទូរស័ព្ទ និងអនឡាញ «Online Scam» ដ៏ធំមួយដែលមានឈ្មោះថា «KK Park» ស្ថិតនៅតំបន់ Myawaddy ក្បែរព្រំដែនមីយ៉ាន់ម៉ា-ថៃ។ អាជ្ញាធរចិនបានបញ្ជាក់ថា នេះគឺជាជោគជ័យដ៏ធំមួយ តាមរយៈប្រតិបត្តិការរួមគ្នារវាងកងកម្លាំងចិន មីយ៉ាន់ម៉ា និងថៃ ក្នុងការកម្ចាត់ក្រុមឧក្រិដ្ឋជនឆ្លងដែនទាំងនេះ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ក្រសួងសន្តិសុខសាធារណៈរបស់ចិន បានបញ្ជូនជនសង្ស័យជាជនជាតិចិនជាង ១,៥០០ នាក់ត្រឡប់ទៅប្រទេសចិនវិញជាបន្តបន្ទាប់ដើម្បីកាត់ទោស ហើយអគារជាង ៦៣០ ខ្នង ដែលជាកន្លែងស្នាក់នៅ និងធ្វើសកម្មភាពបោកប្រាស់របស់ក្រុមទាំងនោះត្រូវបានវាយកម្ទេចចោលទាំងអស់។
សូមបញ្ជាក់ថាប្រតិបត្តិការនេះបានចាប់ផ្តើមតាំងពីដើមឆ្នាំ ២០២៥ មកម្ល៉េះ ដោយសារសកម្មភាពបោកប្រាស់នៅតំបន់នោះមានការកើនឡើងខ្លាំងពេក។ គិតត្រឹមដើមឆ្នាំ ២០២៦ នេះ កម្លាំងសមត្ថកិច្ចនៃប្រទេសទាំងបីបានសហការគ្នាបញ្ជូនជនសង្ស័យត្រឡប់ទៅវិញបានចំនួន ១០ លើករួចមកហើយ៕