681 ezgif.com resize
Swift cc time

ខែមករា ដើមឆ្នាំ២០២៦ កម្ពុជាទទួលបានគម្រោងវិនិយោគ៤៣គម្រោង ក្នុងទុន៧៥២លានដុល្លារ អាចបង្កើតការងារជិត៣ម៉ឺនកន្លែង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន៤៣ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧៥២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៦ពាន់កន្លែង ឬជិត៣ម៉ឺនកន្លែង។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាមរបាយការណ៍ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំង ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។

របាយការណ៍បញ្ជាក់ថា ក្នុងខែមករា ឆ្នាំ២០២៦នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការថយចុះចំនួន ២៥គម្រោង ស្មើនឹងប្រមាណ ៣៧% ខណៈទំហំទុន វិនិយោគមានការកើនឡើងប្រមាណ ៣.៤លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ០.៤៥% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២៥។

ជាការកត់សម្គាល់ ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគ កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគធំៗមួយចំនួនដូចជា គម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេស ចំនួន៣តំបន់ ក្នុងទំហំទុនវិនិយោគដល់ទៅ ២៦០លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិត អគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ ក្នុងទំហំទុនវិនិយោគប្រមាណ ២០០លានដុល្លារ អាម៉េរិក។

ទុនវិនិយោគតាមវិស័យនីមួយៗមានដូចជា៖ វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ៤៦៤ លានដុល្លារ វិស័យឧស្សាហកម្ម ២៨៥ លានដុល្លារ និងវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម ៣លានដុល្លារ។ ប្រភពទុនវិនិយោគឈានមុខគេមានដូចជា៖ ចិន ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី កោះ British Virgin ស៊ីស្ហែល សាធារណរដ្ឋកូរ៉េ ជប៉ុន សហរដ្ឋអាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង