681 ezgif.com resize
Swift cc time

កម្ពុជា-បារាំង បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា នៅសាលានាយទាហានសកម្មត្មាតពង

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ឯកអគ្គរដ្ឋទូតបារាំង លោក អូលីវ្យេ រីឆា កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅបានអញ្ជើញទៅបំពេញទស្សនកិច្ចសាលានាយទាហានសកម្មត្មាតពងជាលើកដំបូងជាមួយឧត្តមសេនីយ៍ឯក ប៊ុត សុភាព និងឧត្តមសេនីយ៍ត្រី ហួរ ម៉េងហួង។ ក្នុងទស្សនកិច្ចនេះ ភាគីកម្ពុជា-បារាំង បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា នៅសាលានាយទាហានសកម្មត្មាតពង ស្របជាមួយការអបអរក្នុងឱកាសខួប ៨០ ឆ្នាំនៃសាលានាយទាហានសកម្ម និងខួប ៣២ ឆ្នាំនៃការបោះទីតាំងនៃសាលានេះនៅត្មាតពង។

បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការផ្នែកយោធាបារាំង-កម្ពុជា សម្រាប់សាលានាយទាហានសកម្ម (តាំងពីឆ្នាំ១៩៩៤) និងវិទ្យាស្ថានបញ្ជាការសេនាធិការត្មាតពង (ចាប់តាំងពីឆ្នាំ២០២៤) មានភាពរស់រវើក ពោលគឺអស់រយៈពេលជាង ៣២ ឆ្នាំមកនេះ នាយទាហានប្រមាណ ២៥០០ នាក់បានទទួលការជួយជ្រោមជ្រែងពីសំណាក់បេសកកម្មសហប្រតិបត្តិការបារាំងផ្នែកការពារក្នុងអំឡុងនៃការបណ្តុះបណ្តាល។

បន្ទាប់ពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារហ្វឹកហ្វឺនដែលជាសហហិរញ្ញប្បទានរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូតបានសំណេះសំណាលជាមួយសិស្សនាយទាហានក្នុងអំឡុងពេលដែលពួកគេរៀនភាសាបារាំង និងបានចូលរួមទស្សនាការសម្តែងរបស់សិស្សនាយទាហាន ជាពិសេសក្បាច់គុនល្បុក្កតោ ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើបានប្រព្រឹត្តទៅដោយបរិយាកាសរីករាយក្នុងឱកាសខួប ៨០ ឆ្នាំនៃសាលានាយទាហានសកម្ម និងខួប ៣២ ឆ្នាំនៃការបោះទីតាំងនៃសាលានេះនៅត្មាតពង៕


Khcct banner

អត្ថបទទាក់ទង