ភ្នំពេញ៖ ក្រសួងបរិស្ថាននាថ្ងៃទី៩ កុម្ភៈ បានដាក់ចេញវិធានការបន្ទាន់៤ ដើម្បីជួយគាំទ្រទៅដល់អ្នកវិនិយោគ ដែលមានភាពស្អាតក្នុងវិស័យបរិស្ថាន និងធានាបាននូវការការពារតុល្យភាពបរិស្ថាន ការពារផលប្រយោជន៍ជាតិរួមមានខ្យល់ ទឹក និងដីឱ្យមានភាពស្អាត ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការបំពុលទៅលើសុខភាពប្រជាពលរដ្ឋ។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញធានការបន្ទាប់ចំនួន៤ចំណុច រួមមាន ទី១ ត្រូវពិនិត្យមើលលើទិដ្ឋភាពច្បាប់ បច្ចេកទេសគ្រប់ជ្រុងជ្រោយ និងមានល្បឿនលឿន មុនការសម្រេច ឬអនុញ្ញាតឱ្យមានការវិនិយោគណាមួយ និងត្រូវធានាឱ្យបាននូវប្រភពបំពុលនានាទៅដល់មនុស្ស សត្វ និង បរិស្ថានជាតិ។ ទី២ ការអនុវត្តនូវសិទ្ធសម្រេចត្រូវធ្វើឡើងតាមឋានានុក្រម និងគោរពតាមច្បាប់ ដែលមានចែងជាធរមាន ដោយមិនមានការរត់ការ អន្តរាគមន៍ក្រៅផ្លូវច្បាប់ ឬកែសម្រួលឱ្យស្របតាមលក្ខខណ្ឌបច្ចេកទេស ដែលផ្ទុយពីច្បាប់បានចែងឡើយ។
ទី៣ ត្រៀមខ្លួនជានិច្ចមុនការចូលរួមកិច្ចប្រជុំពិភាក្សា ការផ្តល់យោបល់ និងធាតុចូលត្រូវតែការពារដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងបរិស្ថានជាចម្បង រួមទាំងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅស្រុក។ ទី៤ រាល់កិច្ចប្រជុំដែលបានចួលរួមចាំបាច់ត្រូវមានកំណត់ហេតុ ឬរបាយការណ៍ផ្លូវការ ទុកជាអំណះអំណាងក្នុងការផ្តល់យោបល់ ធាតុចូល និងសម្រាប់តាមដាន ត្រួតពិនិត្យការវិវឌ្ឍការងារបន្ត។
ការអនុវត្តបាននូវវិធានការទាំង៤នេះ នឹងជួយគាំទ្រទៅដល់អ្នកវិនិយោគ ដែលមានភាពស្អាតក្នុងវិស័យបរិស្ថាន និងធានាបាននូវការការពារតុល្យភាពបរិស្ថាន ការពារផលប្រយោជន៍ជាតិរួមមានខ្យល់ ទឹក និងដីឱ្យមានភាពស្អាត ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការបំពុលទៅលើសុខភាពប្រជាពលរដ្ឋ។ ទាំងនេះ គឺជាវត្ថុបំណងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើគន្លឹះអាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕