រុស្ស៊ី៖ បុរសម្នាក់ក្នុងចំណោមបីនាក់ដែលសង្ស័យថាបានជាប់ពាក់ព័ន្ធជាមួយនឹងការបាញ់សម្លាប់ឧត្តមសេនីយ៍រុស្ស៊ីដែលជាអនុប្រធានក្នុងក្រុមនាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី (GRU) ត្រូវបានចាប់ខ្លួននៅទីក្រុងឌូបៃ ដោយទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ីកាលពីថ្ងៃអាទិត្យ។ ការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីជនសង្ស័យបានធ្វើការបាញ់ប្រហារជាច្រើនគ្រាប់លើមន្ត្រីចារកម្មយោធាជាន់ខ្ពស់របស់រុស្ស៊ី លោក វ្ល៉ាឌីមៀរ អាឡិចសេយ៉េវ នៅទីក្រុងមូស្គូព្យាយាមផ្តាច់ជីវិតលោកតែលោកបានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅកាន់កន្លែងសង្រ្គោះបន្ទាន់។
យោងតាមទីភ្នាក់ងារអនុវត្តច្បាប់រុស្ស៊ីបានអះអាងថាបុរសដែលជាជនសង្ស័យមានវ័យ ៦០ ឆ្នាំ ដែលត្រូវបានគេស្គាល់ឈ្មោះថា Lyubomir Korba ត្រូវបានចាប់ខ្លួន និងប្រគល់ឱ្យប្រទេសរុស្ស៊ី បន្ទាប់ពីរត់គេចខ្លួនទៅកាន់ប្រទេសអារ៉ាប់រួមបានមួយថ្ងៃ ក្នុងនោះក៏មានជនសង្ស័យសមគំនិតម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងមូស្គូ និងម្នាក់ទៀតបានរត់គេចខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។ វីដេអូរបស់ក្រុមភ្នាក់ងារសន្តិសុខពិសេសរុស្ស៊ី FSB បានបិទមុខជនសង្ស័យ និងអូសខ្លួនចេញពីយន្តហោះតូចមួយគ្រឿងពេលទៅដល់ប្រទេសរុស្ស៊ីកាលពីយប់ថ្ងៃទី ៧ ខែ កុម្ភៈ។
វិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃសៅរ៍បានថ្លែងអំណរគុណដល់ប្រធានាធិបតីអារ៉ាប់រួមចំពោះជំនួយអារ៉ាប់ក្នុងការឃុំខ្លួនជនសង្ស័យ។
គួររម្លឹកថាលោក Vladimir Alexeyev (វ្ល៉ាឌីមៀរ អាឡិចសេយ៉េវ) ដែលជាឧត្តមសេនីយ៍ឯក ដែលបម្រើការជាអនុប្រធានទីមួយនៃសេវាចារកម្មយោធា GRU របស់រុស្ស៊ី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីត្រូវបានបាញ់ជាច្រើនគ្រាប់នៅអាផាតមិនមួយក្នុងទីក្រុងមូស្គូ នៅព្រឹកថ្ងៃសុក្រ។ លោក អាឡិចសេយ៉េវ កើតនៅតំបន់ Vinnytsia នៃសហភាពសូវៀតអ៊ុយក្រែន បានចាប់ផ្តើមអាជីពរបស់លោកនៅក្នុងកងកម្លាំងពិសេស Spetsnaz។ លោកត្រូវបានតែងតាំងឱ្យទទួលបន្ទុកប្រតិបត្តិការចារកម្មនៅអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី Vladimir Putin បានដកខ្លួនចេញពីសេវាសន្តិសុខ FSB នៅក្នុងខែដំបូងនៃការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ ២០២២ លើអ៊ុយក្រែន។
សហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍រូបនេះចំពោះប្រតិបត្តិការតាមអ៊ីនធឺណិតដែលត្រូវបានចោទប្រកាន់ថាបានចលរួមអុកឡុកក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកឆ្នាំ ២០១៦ ចំណែកសហភាពអឺរ៉ុបក៏បានដាក់ទណ្ឌកម្មលើលោកដូចគ្នាចំពោះការបំពុលអតីតចារកម្មរុស្ស៊ីលោក Sergei Scribal និងកូនស្រីរបស់គាត់ Yulia ក្នុងឆ្នាំ ២០១៨ នៅចក្រភពអង់គ្លេស៕