ទីបេ៖ការិយាល័យ សម្តេចព្រះសង្ឃរាជ ដាឡៃ ឡាម៉ា បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃ៨ កុម្ភៈនេះ បដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដែលព្យាយាមភ្ជាប់ព្រះនាមព្រះអង្គទៅនឹងសំណុំរឿងអាស្រូវ "ឯកសារ Epstein" (Epstein files) ដែលកំពុងមានភាពចម្រូងចម្រាសនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ តាមការបញ្ជាក់ សេចក្តីថ្លែងការណ៍នេះមានគោលបំណងលុបបំបាត់ការយល់ច្រឡំ និងការពារកិត្តិយសរបស់ព្រះអង្គពីការវាយប្រហារតាមរយៈ«ទ្រឹស្តីសមគំនិត និងព័ត៌មានក្លែងក្លាយ»ដែលកំពុងរីករាលដាលយ៉ាងខ្លាំងនៅក្នុងសប្តាហ៍នេះក្នុងបណ្ដាញផ្សព្វផ្សាយ។
ការបំភ្លឺនេះធ្វើឡើងបន្ទាប់ពីមានការបញ្ចេញឯកសារតុលាការរាប់លានទំព័រ ដែលបង្ហាញថាព្រះនាមព្រះអង្គត្រូវបានគេលើកឡើងក្នុងអ៊ីមែលរបស់តួអង្គពាក់ព័ន្ធផ្សេងទៀតថាជាប់ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវជាមួយ Jeffrey Epstein តែភាគីសម្តេចព្រះសង្ឃរាជបដិសេធថា វាគ្រាន់តែជាសកម្មភាពរបស់ភាគីទី៣តែប៉ុណ្ណោះ។
នៅក្នុងសេចក្តីថ្លែងការណ៍ ភាគីសម្តេចព្រះសង្ឃរាជបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះអង្គដាឡៃ ឡាម៉ា មិនដែលបានជួបផ្ទាល់ ឬអនុញ្ញាតឱ្យតំណាងណាម្នាក់ទៅជួបពិភាក្សាជាមួយបុគ្គល Jeffrey Epstein ក្នុងនាមព្រះអង្គឡើយ។
Jeffrey Epstein គឺជាមហាសេដ្ឋីជនជាតិអាមេរិក ដែលជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទដ៏ធំបំផុតមួយនៅលើពិភពលោក ត្រូវបានស្គាល់ថាជាប់ពាក់ព័ន្ធជាមួយបុគ្គលល្បីៗលំដាប់ពិភពលោកជាច្រើន រួមមានអតីតប្រធានាធិបតីអាម៉េរិក រាជវង្សស្ដេចចក្រភពអង់គ្លេស រួមទាំងមហាសេដ្ឋី សិល្បៈករល្បីៗ និងអ្នកជំនួញជាច្រើននាក់។