ភ្នំពេញ៖ តាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាក្នុងដំណាច់ឆ្នាំ២០២៥ អនុបាតឥណទានមិនដំណើរការរបស់ប្រព័ន្ធធនាគារបានកើនឡើងដល់ ៨,៩% ពី ៧,៤% នៅឆ្នាំ២០២៤។ ចំណុចនេះ អ្នកជំនាញបានយល់ឃើញថា ឥណទានមិនដំណើរការក្នុងឆ្នាំ២០២៥កើនឡើង ដោយសារស្ថានភាពសេដ្ឋកិច្ចមានកំណើនទាប ព្រមជាមួយព្រឹត្តិការណ៍មួយចំនួនដូចជា ជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពវិនិយោគ អាជីវកម្ម ចំណូល និងចំណាយរបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់លោក សុខ ចាន់ អ្នកនាំពាក្យសមាគមធនាគារនៅកម្ពុជា មកកាន់ស៊ីស៊ីថាមស៍នៅថ្ងៃនេះ។
លោក សុខ ចាន់ បានបញ្ជាក់ថា អនុបាតឥណទានមិនដំណើរការសុទ្ធ (គណនាដោយដកសំវិធានធនពីឥណទានមិនដំណើរការដុល) មានកម្រិតត្រឹមតែ ២,៩% ប៉ុណ្ណោះ ខណៈអនុបាតសំវិធានធនធៀបនឹងឥណទានមិនដំណើរការមានកម្រិត ៦៧,៥% ដែលបង្ហាញពីលទ្ធភាពរបស់គ្រឹះស្ថានក្នុងការទប់ទល់នឹងហានិភ័យឥណទាន។
អ្នកនាំពាក្យរូបនេះពន្យល់ថា ឥណទានមិនដំណើរការឆ្លុះបញ្ចាំងពីការថយចុះនៃលទ្ធភាពសងត្រឡប់របស់អ្នកខ្ចីប្រាក់ ដោយពួកគេអាចជួបបញ្ហានូវប្រាក់ចំណូល ក្នុងស្ថានភាពសេដ្ឋកិច្ចមានកំណើនទាប ព្រមជាមួយព្រឹត្តិការណ៍មួយចំនួនដូចជាជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពវិនិយោគ អាជីវកម្ម ចំណូល និងចំណាយរបស់ប្រជាពលរដ្ឋ។ ការងើបឡើងយឺតនៃវិស័យសំណង់ និងអចលនទ្រព្យ អាចប៉ះពាល់ដល់តម្លៃទ្រព្យធានា និងគុណភាពឥណទានទៅកាន់វិស័យនេះ។
លោកបន្តថា ឥណទានមិនដំណើរការ ធ្វើឱ្យគ្រឹះស្ថានធនាគារមួយចំនួនអាចមានការខាតបង់ប្រាក់ចំណេញដោយសារការកើនឡើងនូវចំណាយសំវិធានធន ឬជាចំណាយដែលដាក់ដោយឡែកពីប្រាក់ចំណូលរបស់គ្រឹះស្ថានធនាគារ ដើម្បីទូទាត់ការខាតបង់នាពេលអនាគត ដែលអាចកើតមានជាចម្បងពីប្រាក់កម្ចីមិនដំណើរការ ឬបំណុលសង្ស័យ។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារក៏ពុំមានប្រាក់ចំណេញរក្សាទុកសម្រាប់បង្កើនទុនថ្មី និងធ្វើឱ្យគ្រឹះស្ថានធនាគារពុំមានលទ្ធភាពផ្តល់ប្រាក់កម្ចីបានច្រើនទៅក្នុងសេដ្ឋកិច្ច ខណៈឥណទានមិនដំណើរការមានចំនួនច្រើន។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យរូបនេះក៏បានលើកឡើងពីកត្តាមួយចំនួន ដែលអាចជួយទប់ស្កាត់កុំឱ្យមានកំណើនឥណទានមិនដំណើរការ ដូចជា កត្តាសុខសន្តិភាព និងស្ថិរភាពនយោយ និងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ លោកពន្យល់ថា ប្រសិនជាសេដ្ឋកិច្ចកម្ពុជាមានកំណើននិងដំណើរការល្អ ហើយស្ថានភាពតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងមានប្រក្រតីភាពជាធម្មតាវិញ ព្រមជាមួយការងើបឡើងវិញនូវសកម្មភាពអាជីវកម្ម និងការវិនិយោគនៅក្នុងវិស័យសំខាន់ៗដូចជា វិស័យអចលនទ្រព្យ សំណង់ ទេសចរណ៍ នឹងចូលរួមបង្កើតសកម្មភាពសេដ្ឋកិច្ច បង្កើតការងារ ប្រជាជនមានប្រាក់ចំណូល ការណ៍នេះនឹងជួយឱ្យអតិថិជនមានលទ្ធភាព និងសមត្ថភាពក្នុងការបង់សងកម្ចីត្រឡប់មកកាន់គ្រឹះស្ថានជាប្រក្រតី។
ជាមួយគ្នានេះ គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវពង្រឹងនិតីវិធីវាយតម្លៃនិងវិភាគឥណទានឱ្យបានហ្មត់ចត់ ព្រមជាមួយនឹងការផ្តល់កម្ចីឱ្យស្របតាមគោលបំណង រយៈពេល និងគោលដៅត្រឹមត្រូវដល់អតិថិជននិងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈក្នុងផ្តល់ឥណទាន។
ចំណែកអតិថិជនឥណទាន ត្រូវមានគោលបំណងច្បាស់លាស់មុនស្នើកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ និងត្រូវយកកម្ចីទៅប្រើប្រាស់ឱ្យចំគោលដៅ ដូចជាពង្រីកអាជីវកម្ម ឬមុខរបរតាមគោលបំណងដែលបានស្នើ។ អតិថិជនត្រូវគិតគូផងដែរអំពីលទ្ធភាពនៃការសងត្រឡប់ និងមានឆន្ទះក្នុងការសងត្រឡប់កម្ចីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុវិញ។ នេះជាការលើកឡើងរបស់លោក សុខ ចាន់៕