មូស្គូ៖ ឧត្តមសេនីយ៍ឯករុស្ស៊ីលោក Vladimir Alexeyev ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីឃាតករលួចបាញ់ប្រហារផ្តាច់ជីវិតលោកជាច្រើនដង ក្នុងអគារលំនៅដ្ឋានមួយនៅជាយក្រុងភាគពាយ័ព្យនៃទីក្រុងមូស្គូ ហើយស្ថានភាពរបស់លោកនៅមិនទាន់ដឹងថាយ៉ាងណានៅឡើយនោះទេ។ លោក Vladimir Alexeyev គឺជាមន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់នៅក្នុងនាយកដ្ឋានសំខាន់នៃអគ្គសេនាធិការយោធារុស្ស៊ី (GRU ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាបរទេសកំពូលរបស់រុស្ស៊ី) ហើយលោកគឺជាឥស្សរជនយោធាជាន់ខ្ពស់ចុងក្រោយបង្អស់ដែលត្រូវបានគេកំណត់គោលដៅសម្លាប់ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំ ២០២២ មក។
លោក Vladimir Alexeyev ក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមទណ្ឌកម្មរបស់សហភាពអឺរ៉ុបបន្ទាប់ពីក្រុមភ្នាក់ងារសម្ងាត់ GRU ត្រូវបានចោទប្រកាន់ថានៅពីក្រោយការវាយប្រហារដោយសារធាតុគីមីពិសេសក្នុងឆ្នាំ ២០១៨ នៅទីក្រុង Salisbury ក្នុងចក្រភពអង់គ្លេស។
លោក Alexeyev បានដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែន ដោយបានចូលរួមក្នុងកិច្ចចរចាជាមួយអ៊ុយក្រែនក្នុងអំឡុងពេលឡោមព័ទ្ធទីក្រុង Mariupol របស់រុស្ស៊ីក្នុងឆ្នាំ ២០២២។លោកក៏ត្រូវបានបញ្ជូនទៅចរចាជាមួយប្រធានក្រុមទាហានស៊ីឈ្នួល Wagner គឺលោក Yevgeny Prigozhin ដែលបានដឹកនាំការបះបោរខ្លី និងបង្ហូរឈាមក្នុងខែមិថុនា ឆ្នាំ ២០២៣ ជាដើម៕