681 ezgif.com resize
Swift cc time

អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស (MSF) ត្រៀមខ្លួនជាស្រេចសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការ«សង្គ្រោះវេជ្ជសាស្ត្រដល់ប្រជាជនងាយរងគ្រោះ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស (MSF) ត្រៀមខ្លួនជាស្រេចសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ការសង្គ្រោះវេជ្ជសាស្ត្រដល់ប្រជាជនកម្ពុជាដែលងាយរងគ្រោះ ខណៈបច្ចុប្បន្ន អង្គការមួយនេះកំពុងបំពេញបេសកកម្មក្នុងប្រទេសចំនួន ១៦៩ ដែលនឹងបន្តតួនាទីជាដៃគូបច្ចេកទេស ដើម្បីគាំទ្រក្រសួងសុខាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅសុខាភិបាលជាតិ។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Adrian Guadarrama អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកេនយ៉ា តង់ហ្សានី អ៊ុយក្រែន កៀហ្ស៊ីស៊ីស្ថាន កាហ្សាក់ស្ថាន ហ្វីលីពីន និងកម្ពុជា ក្នុងកិច្ចពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃទី៦កុម្ភៈនេះ។

ក្នុងកិច្ចពិភាក្សានេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាល និងអង្គការ MSF Switzerland ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងនាមជាដៃគូបច្ចេកទេស និងវេជ្ជសាស្ត្រ ក្នុងការគាំទ្រក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពចាំបាច់បំផុតជូនដល់ប្រជាជននៅមូលដ្ឋាន។

លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា ក្រសួងសុខាភិបាលតែងតែចងចាំនូវការរួមចំណែករបស់អង្គការ MSF ដែលជានិមិត្តរូបនៃការជួយសង្គ្រោះ និងជាកម្លាំងចលករ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង។

ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត Adrian Guadarrama បានជម្រាបជូនអំពីបេសកកម្មរបស់អង្គការ MSF ដែលជាអង្គការមនុស្សធម៌អន្តរជាតិ ឯករាជ្យ អព្យាក្រឹត និងផ្នែកវេជ្ជសាស្ត្រ ដែលផ្តល់ជំនួយវេជ្ជសាស្រ្តសង្គ្រោះជីវិត ដោយមិនគិតពីសាសនា ឬនិន្នាការនយោបាយ។ បច្ចុប្បន្ន អង្គការកំពុងបំពេញបេសកកម្មក្នុងប្រទេសចំនួន ១៦៩ ដែលនឹងបន្តតួនាទីជាដៃគូបច្ចេកទេស ដើម្បីគាំទ្រក្រសួងសុខាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅសុខាភិបាលជាតិ។

បើតាមក្រសួងសុខាភិបាល ជំនួបនេះបានបញ្ចប់ទៅដោយលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេវាសុខភាពដែលមានគុណភាព សមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕


Khcct banner

អត្ថបទទាក់ទង