681 ezgif.com resize
Swift cc time

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បញ្ជាក់ជំហរប្ដេជ្ញាគាំទ្រដល់ "ហិរញ្ញប្បទានបៃតង" និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដល់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បញ្ជាក់ជំហរប្ដេជ្ញាគាំទ្រដល់ "ហិរញ្ញប្បទានបៃតង" និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដល់កម្ពុជា ដែលរំពឹងថានឹងសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២៦ នេះ។ នេះជាការបញ្ជាក់របស់ លោកស្រី Keiko Miwa នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងកិច្ចពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវកាប្រែប្រួលឥតឈប់ឈរនៃផ្នែកពាណិជ្ជកម្មសកល ក្នុងនោះដែរ លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ និងការបង្កើនភាពប្រកួតប្រជែងរបស់វិស័យឯកជន។

លោកស្រី Keiko Miwa បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ IFC ក្នុងការគាំទ្រដល់ "ហិរញ្ញប្បទានបៃតង" និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលរំពឹងថានឹងសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២៦ នេះ រួមមាន៖ (១)មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Logistics Complex), (២) ថាមពលកកើតឡើងវិញ តាមរយៈកិច្ចសហការជាមួយអគ្គិសនីកម្ពុជា, និង (៣) ការគាំទ្រដល់ធនាគារជាតិ តាមរយៈការរៀបចំចាត់ថ្នាក់ហិរញ្ញវត្ថុបៃតង (Green Finance Taxonomy) ដើម្បីជំរុញលំហូរទុនទៅកាន់គម្រោងដែលមានមេត្រីភាពនឹងបរិស្ថាន (Environmental Friendly Project)។

បន្ថែមពីលើនេះ IFC កំពុងបន្តការងារផ្ដល់ប្រឹក្សាយ៉ាងទូលំទូលាយរបស់ខ្លួនក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ ការគាំទ្រដល់ការដាំដុះស្រូវប្រកបដោយនិរន្តរភាព កាលើកកម្ពស់តម្លៃបន្ថែមលើខ្សែច្រវាក់ផលិតកម្មកសិកម្ម ព្រមទាំងវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង (GTF) របស់កម្ពុជា តាមរយៈការលើកកម្ពស់ស្ដង់ដារពលកម្ម និងការផ្ដល់ហិរញ្ញប្បទានដល់អ្នកផ្គត់ផ្គង់។ ទន្ទឹមនឹងនេះ IFC ក៏កំពុងស្វែងរកកាលានុវត្តភាពក្នុងឧស្សាហកម្មដែលកំពុងលេចធ្លោផ្សេងៗទៀត រួមមាន៖ គ្រឿងបង្គុំរថយន្ត អេឡិចត្រូនិច ការកែច្នៃចំណីអាហារ និងផលិតកម្មសំបកកង់ ដែលភាគច្រើននៃផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

ជាចំណុចគន្លឹះនៃកិច្ចពិភាក្សា ភាគីទាំងពីរបានផ្តោតជាពិសេសលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹង ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវគោលនយោបាយសម្រាប់សួនឧស្សាហកម្មបៃតង ដែលបានដាក់ជូន ក.អ.ក. ពិនិត្យកាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ រួមជាមួយនឹងសំណើគាំទ្រដល់ការរៀបចំក្របខ័ណ្ឌតំបន់សេដ្ឋកិច្ចពិសេសបៃតង និងការអនុវត្តសាកល្បងនូវក្របខ័ណ្ឌនេះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលបានជ្រើសរើសមួយចំនួន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ជំនួបនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិ ក្នុងការប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីវិនិយោគដែលមានភាពធន់ ចីរភាព និងមានលក្ខណៈវិទ្យាសាស្ត្រទំនើប៕

Khcct banner

អត្ថបទទាក់ទង