ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដោយឯកភាពគ្នារៀបចំជា FAM Trip ទៅវិញទៅមក ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយគោលដៅទេសចរណ៍។
នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មានជំនួបជាមួយលោកស្រី Milena Caridad Zalddivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា។
លោកស្រីឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-គុយបាតាមរយៈ ១) ស្នើឱ្យមាននូវការពិភាក្សា និងរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយគោលដៅទេសចរណ៍ ២) ស្នើសុំចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៃប្រទេសគុយបានាពេលខាងមុខ និង៣) ស្នើសុំឱ្យក្រសួងជួយសម្របសម្រួល ដើម្បីឱ្យមានជំនួបពិភាក្សាជាមួយនឹងសមាគមក្នុងវិស័យទេសចរណ៍នៅកម្ពុជា អំឡុងពេលដែលគណប្រតិភូក្រសួងទេសចរណ៍គុយបា អញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខនេះ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានឯកភាពតាមការស្នើសុំ និងគាំទ្រឱ្យមានការរៀបចំជា FAM Trip ទៅវិញទៅមក ក៏ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ៕