681 ezgif.com resize
Swift cc time

ឯកសារសម្ងាត់៖ វៀតណាមរៀបចំផែនការយុទ្ធសាស្រ្ត ការពារ«អាម៉េរិកឈ្លានពាន» ម្ដងទៀត ទោះបីទំនាក់ទំនងមានភាពស្អិតរមួត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

វៀតណាម៖ របាយការណ៍ថ្មីមួយពីអង្គការសិទ្ធិមនុស្ស The 88 Project បានលាតត្រដាងនូវឯកសារផ្ទៃក្នុងរបស់ក្រសួងការពារជាតិវៀតណាមដែលមានចំណងជើងថា «ផែនការឈ្លានពានលើកទី២ របស់សហរដ្ឋអាម៉េរិក» ដែលត្រូវបានរៀបចំឡើងក្នុងខែសីហា ឆ្នាំ២០២៤។ ទោះបីជារដ្ឋាភិបាលទីក្រុងហាណូយ និងទីក្រុងវ៉ាស៊ីនតោន មានទំនាក់ទំនងការទូតដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» តាំងតែពីក្នុងឆ្នាំ២០២៣ ក៏ដោយ ឯកសារនេះបង្ហាញយ៉ាងច្បាស់ថា វៀតណាមនៅតែចាត់ទុកសហរដ្ឋអាម៉េរិកជា «មហាអំណាចដែលមានចរិតចង់ធ្វើសង្រ្គាម» និងគំរាមកំហែងដល់របបកុម្មុយនីស្តរបស់ខ្លួន។ ថ្នាក់ដឹកនាំវៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងថា សហរដ្ឋអាម៉េរិកអាចនឹងប្រើប្រាស់លេសផ្សាភ្ជាប់ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ» ដើម្បីជំរុញឱ្យមាន «បដិវត្តន៍ពណ៌» ក្នុងគោលបំណងផ្លាស់ប្តូររបបនយោបាយនៅវៀតណាម។នេះបើតាមការចេញផ្សាយរបស់កាសែត Independent។

របាយការណ៍ដដែលនេះបានបញ្ជាក់ថា ខណៈពេលដែលវៀតណាមព្យាយាមរក្សាតុល្យភាពរវាងមហាអំណាចចិន និងអាម៉េរិក វៀតណាមហាក់មានភាពមិនទុកចិត្តលើចេតនារបស់ទីក្រុងវ៉ាស៊ីនតោន ជាពិសេសការបង្កើតសម្ព័ន្ធភាពប្រឆាំងចិននៅក្នុងតំបន់អាស៊ី។

អ្នកវិភាគយល់ឃើញថា វៀតណាមមើលឃើញចិនត្រឹមតែជា «គូប្រជែងក្នុងតំបន់» ប៉ុន្តែចាត់ទុកសហរដ្ឋអាម៉េរិកជាអ្នកដែលអាចបង្កការបះបោរផ្ដួលរំលំរដ្ឋាភិបាលវៀតណាម ប្រសិនបើមានឱកាស ដែលនេះជាមូលហេតុធ្វើឱ្យទីក្រុងហាណូយមិនទាន់ហ៊ានងាកទៅរកអាម៉េរិកទាំងស្រុង។

អ្នកវិភាគបន្ថែមថា ទោះបីជាក្រោមការដឹកនាំរបស់លោក តូ ឡាំ វៀតណាមហាក់ព្យាយាមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ តាមរយៈគម្រោងវិនិយោគធំៗក៏ដោយ ក៏ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។ 

គួររំលឹកថា សង្រ្គាមអាម៉េរិក និងវៀតណាម បានអូសបន្លាយអស់រយៈពេលប្រហែល ២០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៧៥ និងបញ្ចប់សង្រ្គាមចុងក្រោយនៅថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥។ទោះបីជាសង្រ្គាមបានបញ្ចប់អស់រយៈពេលជាងកន្លះសតវត្សរ៍ទៅហើយក្តី ប៉ុន្តែឯកសារដែលទើបនឹងលេចធ្លាយនេះបង្ហាញថា វៀតណាមនៅតែមាន «ការចងចាំយូរអង្វែង» អំពីជម្លោះនេះ ហើយនៅតែបារម្ភថាអាមេរិកអាចនឹងវិលត្រឡប់មកវិញក្នុងទម្រង់ណាមួយ ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់ពួកគេ។

Khcct banner

អត្ថបទទាក់ទង