ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃ ៤ កុម្ភៈ បានស្នើសុំទៅកាន់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ពិចារណាផ្ដល់ការគាំទ្រ បច្ចេកទេសជំនាញ ព្រមទាំងសម្រួលការទទួល និង ផ្ដល់ឯកសារប្រវត្តិសាស្ត្រ ពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាង កម្ពុជា និងថៃ។ការស្នើសុំនេះ ធ្វើឡើងក្រោយពី លោក ម៉ាក្រុង បានបង្ហាញឆន្ទៈ ក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ខណៈពេលដែលកងទ័ពថៃបន្តធ្វើសកម្មភាពឈ្លានពានចូលដែនអធិបតេយ្យរបស់កម្ពុជា។
ក្នុងលិខិតផ្ញើទៅលោកម៉ាក្រុង សម្តេច ហ៊ុន ម៉ាណែត បានអរគុណចំពោះបារាំង ដែលបានប្រកាន់ជំហរជាគោលការណ៍គាំទ្រ ចំពោះបទឈប់បាញ់រវាងកម្ពុជា និងថៃ ក៏ដូចជា ចំពោះការចូលរួមប្រកបដោយស្ថាបនារបស់ប្រទេសបារាំង ក្នុងកិច្ចប្រឹងប្រែងសម្រួល់ដល់ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
បើតាមសម្តេច ហ៊ុន ម៉ាណែត កម្ពុជាផ្ដល់សារៈសំខាន់ ចំពោះតួនាទីរបស់បារាំងមិនត្រឹមតែ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាអ្នកដឹកនាំគាំទ្រដ៏ឈានមុខមួយ ចំពោះអភិបាលកិច្ចសកល ច្បាប់អន្តរជាតិ និង ពហុភាគីនិយម និង ក្នុងនាមជាដៃគូយូរអង្វែង ដែលមានការផ្សារភ្ជាប់ទំនាក់ទំនងតាមរយៈការគោរពគ្នាទៅវិញទៅមក ប្រវត្តិសាស្ត្ររួម និង តម្លៃរួម។
ក្នុងបរិបទបច្ចុប្បន្ន សម្តេច ហ៊ុន ម៉ាណែត បានស្នើសុំឱ្យប្រទេសបារាំងពិចារណាផ្ដល់ការគាំទ្រ បច្ចេកទេសជំនាញ និង ការប្រឹក្សាយោបល់ ព្រមទាំងសម្រួលការទទួល និង ផ្ដល់ឯកសារប្រវត្តិសាសត្រ និង បច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជា និងថៃ ជាមរតកនៃសម័យអណាព្យាបាល។សម្តេច បញ្ជាក់ជាថ្មីថា កម្ពុជាត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយបារាំង និងសហគមន៍អន្តរជាតិ ដើម្បីការពារសន្តិភាព តាមរយៈការគោរពច្បាប់អន្តរជាតិ ការដោះស្រាយជាដោយសន្តិវិធី ដោយមិនប្រើការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។
ជាការកត់សម្គាល់ ការស្នើសុំរបស់សម្តេច ហ៊ុន ម៉ាណែត នៅពេលនេះធ្វើឡើងក្រោយពីគេមើលឃើញថា ប្រទេសថៃនៅតែបន្តធ្វើសកម្មភាពឈ្លានពានប្រទេសកម្ពុជាជាបន្តបន្ទាប់ ដោយមិនគោរពតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានោះទេ។ជាក់ស្តែង ថៃ ឈ្មោះដើមថា សៀម បានប្រើប្រាស់កម្លាំងកងទ័ពរបស់ខ្លួនចូលឈ្លានពានដែនអធិបតេយ្យរបស់កម្ពុជា នៅតាមខេត្តជាប់ព្រំដែនជាពិសេស ខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ជាដើម តាមរយៈរាយបន្លាលួស ដាក់ទូរកុងទូរន័ គ្មានការទទួលស្គាល់ពីអន្តរជាតិ៕