ថៃ៖ តារាសម្តែងថៃលោក Tony Jaa វ័យ ៥០ឆ្នាំ រឺ ខ្មែរយើងច្រើនហៅថាកែងឆេះជង្គង់ហោះកំពុងតែកើតមាន និងតស៊ូជាមួយនឹងជំងឺមហារីកថង់ទឹកប្រមាត់ រូបភាពលោកដែលបានផ្សព្វផ្សាយក្នុងបណ្តាញសង្គម Instagram បង្ហាញពីរូបរាងស្គមជាងមុនជាខ្លាំង។ មនុស្សម្នាក់ដែលជិតស្និទ្ធនឹងលោក Tony Jaa បានប្រាប់ភ្នាក់ងារ Nine Entertain របស់ថៃថាលោកត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកថង់ទឹកប្រមាត់ដំណាក់កាលទីបី ដែលជិតដល់ដំណាក់កាលទីបួនជិតពីរឆ្នាំមុន ហើយពេលនេះលោកកំពុងតែសម្រាកព្យាបាល។
យោងតាមប្រភពដដែលលោក Tony Jaa បានស្វែងរកការព្យាបាលដំបូងបន្ទាប់ពីមានការឈឺចាប់ពោះធ្ងន់ធ្ងរ រួមជាមួយនឹងជំងឺខាន់លឿងដែលប៉ះពាល់ដល់ស្បែក និងភ្នែករបស់គាត់។ ក្រោយមកគ្រូពេទ្យបានបញ្ជាក់ថាលោកកើតមានជំងឺមហារីកថង់ទឹកប្រមាត់។ ចាប់តាំងពីពេលនោះមក លោកបានធ្វើការវះកាត់ដើម្បីយកជាលិកាសាហាវចេញ ហើយបានទទួលការព្យាបាលដោយគីមីជាបន្តបន្ទាប់។
គួររម្លឹកថាលោក Tony Jaa បានល្បីល្បាញលើឆាកអន្តរជាតិជាមួយរឿង Ong-Bak (ឆ្នាំ 2003) និងក្រោយមករឿង Tom-Yum-Goong (ឆ្នាំ 2005) ដោយច្នៃខ្លួនឯងទៅជាតារាសម្ដែងប្រយុទ្ធដ៏ល្បីល្បាញបំផុតម្នាក់របស់ប្រទេសថៃ។ ស្នាដៃអន្តរជាតិរបស់លោករួមមានក្នុងរឿង Furious 7 (ឆ្នាំ 2015), xXx: Return of Xander Cage (ឆ្នាំ 2017), Paradox (ឆ្នាំ 2017), Master Z: Ip Man Legacy (ឆ្នាំ 2018), Triple Threat (ឆ្នាំ 2019) និង Detective Chinatown 3 (ឆ្នាំ 2021)៕