ថៃ៖ សារព័ត៌មាន Financial Times របស់ចក្រភពអង់គ្លេសបានចុះផ្សាយចំៗថាប្រទេសថៃដែលធ្លាប់តែជា «ខ្លាសេដ្ឋកិច្ច» មានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រឈមមុខនឹងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ រហូតត្រូវបានគេប្រសិទ្ធនាមថ្មីថាជា «អ្នកជំងឺនៅអាស៊ី» (Sick Man of Asia)។ ស្ថានភាពប្រទេសថៃដែលធ្លាប់គ្រងជាប្រទេសសេដ្ឋកិច្ចធំទីពីរក្នុងតំបន់ បានធ្លាក់ចូលក្នុងសភាព«ស្លាប់មួយចំហៀងខ្លួន» លើសសរស្តម្ភសំខាន់ៗចំនួនបីគឺ ការប្រើប្រាស់ក្នុងស្រុក(អំណាចនៃការទិញរបស់ពលរដ្ឋ) វិស័យផលិតកម្ម និងទេសចរណ៍។
សេដ្ឋកិច្ចវិទូរបស់ថៃបានឆ្លើយតបបញ្ហានេះវិញថាដោយសារតែមានការរួមផ្សំជាច្រើន រួមមានបំណុលគ្រួសារដែលហក់ឡើងជិត ៩០% នៃ GDP (ខ្ពស់បំផុតក្នុងអាស៊ី) ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការចំណាយរបស់ពលរដ្ឋថៃ គួបផ្សំនឹងវិបត្តិប្រជាសាស្ត្រដែលចំនួនប្រជាជនបានថយចុះ ៤ ឆ្នាំជាប់ៗគ្នា និងអត្រាកំណើតធ្លាក់ចុះទាបបំផុតក្នុងរយៈពេល ៧៥ ឆ្នាំ។
ក្នុងវិស័យផលិតកម្មវិញ ប្រទេសថៃកំពុងបាត់បង់ភាពប្រកួតប្រជែងយ៉ាងខ្លាំងទៅកាន់ប្រទេសជិតខាង ជាពិសេសវៀតណាម ខណៈដែលការហូរចូលនៃទំនិញតម្លៃថោកពីប្រទេសចិនកំពុងវាយលុកទីផ្សារក្នុងស្រុក។ ឧស្សាហកម្មយានយន្តដែលធ្លាប់ជាមោទនភាពជាតិ កំពុងស្ថិតក្នុងសភាពអន់ថយ ដោយក្រុមហ៊ុនយក្សដូចជា Nissan, Honda និង Suzuki បានសម្រេចចិត្តបិទរោងចក្រ ឬកាត់បន្ថយការផលិតជាបន្តបន្ទាប់។
ផលប៉ះពាល់នេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងទីផ្សារហិរញ្ញវត្ថុ ដែលក្នុងឆ្នាំ ២០២៥ កន្លងទៅ ទីផ្សារភាគហ៊ុនថៃគឺជាទីផ្សារដែលដុនដាបជាងគេបំផុតនៅអាស៊ី ដោយបាត់បង់តម្លៃរហូតដល់ ១០%។ ទន្ទឹមនឹងសេដ្ឋកិច្ចដែលជាប់គាំងត្រឹម ២% ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ អស្ថិរភាពនយោបាយនៅតែបន្តជាឧបសគ្គរាំងស្ទះដល់ការអនុម័តកញ្ចប់ថវិកា និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលធ្វើឱ្យអនាគតសេដ្ឋកិច្ចថៃកាន់តែស្ថិតក្នុងភាពមិនច្បាស់លាស់៕