ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានលុបចោលការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឱ្យប្រទេសកម្ពុជា។ ចំណុចនេះ បានធ្វើឱ្យប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា មើលឃើញថា ជានិមិត្តរូបដ៏សំខាន់មួយនៃទំនុកចិត្តរបស់អាម៉េរិកចំពោះកម្ពុជា ហើយថាកម្ពុជាមានកិច្ចសហប្រតិបត្តិការលើបញ្ហាយោធា។
លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានលើកឡើងថា ការលុបចោលការហាមឃាត់អាវុធនេះបើកផ្លូវឱ្យកម្ពុជាទិញបច្ចេកវិទ្យាទំនើបៗរបស់អាម៉េរិក។ «ថ្ងៃនេះ ខ្ញុំនៅសិង្ហបុរី ដើម្បីជួបជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអាវុធអាម៉េរិក ដោយលើកទឹកចិត្តឱ្យលក់ផលិតផលដែលមានគុណភាពខ្ពស់របស់ពួកគេ ដើម្បីជួយសន្តិសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា។» នេះជាការលើកឡើងរបស់លោក Casey Barnett ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក តាមរយៈការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) បានចេញបទបញ្ជាចុងក្រោយ (Final Rule) ដើម្បីធ្វើវិសោធនកម្មលើបទបញ្ជាគ្រប់គ្រងការនាំចេញ (EAR) ដោយលុបឈ្មោះកម្ពុជាចេញពីបញ្ជី "Country Group D:5" ដែលជាក្រុមប្រទេសរងការហាមឃាត់ការនាំចេញអាវុធពីសហរដ្ឋអាម៉េរិក។
បើតាមសេចក្ដីប្រកាស តាមរយៈបទបញ្ជាថ្មីនេះ BIS បានលុបសញ្ញា "X" នៅក្នុងតារាង Group D:5 ត្រង់ឈ្មោះប្រទេសកម្ពុជា ដែលមានន័យថា រាល់ការរឹតត្បិតក្នុងនាមជាប្រទេសរងទណ្ឌកម្មអាវុធ ត្រូវបានបញ្ចប់ជាផ្លូវការចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ។ បទបញ្ជានេះត្រូវបានគេរំពឹងថានឹងកាត់បន្ថយភាពស្មុគស្មាញដល់ក្រុមហ៊ុននាំចេញ និងធ្វើឱ្យគោលនយោបាយពិនិត្យអាជ្ញាប័ណ្ណនាំចេញមកកាន់កម្ពុជាមានភាពធូរស្រាលជាងមុន ដែលអាចជំរុញឱ្យមានពាក្យស្នើសុំអាជ្ញាបណ្ណនាំចេញកើនឡើងប្រមាណ ១០០ច្បាប់ក្នុងមួយឆ្នាំ៕